តារាសម្ដែងលោកស្រី អេនជេលីណា ចូលី គ្រោងសាងសង់បណ្ណាល័យឌីជីថលបន្ថែមនៅវិទ្យាល័យសំឡូត
ភ្នំពេញ៖តារាហូលីវូតល្បីឈ្មោះ លោកស្រី អេនជេលីណា ចូលី(Angelina Jolie) គ្រោងសាងសង់បណ្ណាល័យឌីជីថលមួយសម្រាប់សិស្សវិទ្យា ល័យសំឡូត ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់វប្បធម៌អាន និងលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សស្របទៅនឹងសម័យកាលឌីជីថល។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លោកស្រី Angelina Jolie បានអញ្ជើញទស្សនកិច្ចវិទ្យាល័យសំឡូត កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីស្ថានភាពសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ក្នុងវិទ្យាល័យសំឡូត ដែលលោកស្រីបានជួយឧបត្ថម្ភ។ក្រសួងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា បង្ហាញពីការយកចិត្តទុកដាក់របស់តួកុនអាម៉េរិកាំងរូបនេះចំពោះ វិស័យអប់រំ និងសុខុមាលភាពសិស្សនៅកម្ពុជា។

លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត បានប្រាប់ បណ្ដាញព័ត៌មានAMS ថា ដំណើរទស្សនកិច្ចរបស់លោកស្រីផ្តោតលើការពិនិត្យវឌ្ឍនភាពសិក្សារបស់សិស្ស និងតម្រូវការចាំបាច់នានារបស់សាលា។ លោកបានបញ្ជាក់ថា លោកស្រីក៏ជាស្ថាបនិកមួយរូបក្នុងគម្រោងកម្មវិធីបំណិនជីវិតដែលកំពុងអនុវត្តនៅសាលានេះផងដែរ។

លោកនាយកសាលាក៏បានគូសបញ្ជាក់ថា៖«វត្តមានរបស់លោកស្រី Angelina Jolie គឺជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្ស ដែលភាគច្រើនចាត់ទុកលោកស្រីជាគំរូ និងអាយដលមួយរូបរបស់ពួកគេ»។

បច្ចុប្បន្នវិទ្យាល័យសំឡូតមានអគារអន្តេវាសិកដ្ឋានចំនួន ២ ខ្នង ដែលអាចផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៤០នាក់ មកពីតំបន់ដាច់ស្រយាល។ ចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន អន្តេវាសិកដ្ឋាននេះបានជួយសិស្សជិត ១.០០០នាក់ ក្នុងការបន្តការសិក្សា និងកាត់បន្ថយការចំណាយរបស់គ្រួសារ។

លោក ហួត សុខុម នាយកវិទ្យាល័យសំឡូត គូសបញ្ជាក់ថា ៧០ភាគរយ នៃសិស្សនៅវិទ្យាល័យសំឡូត មកពីតំបន់ឆ្ងាយៗ ហើយសិស្សខ្លះរស់នៅឆ្ងាយពីសាលារហូតដល់ ១៨គីឡូម៉ែត្រ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វិភាគទានរបស់ លោកស្រី Angelina Jolieនៅវិទ្យាល័យសំឡូតគឺជាការផ្តល់កម្លាំងចិត្តដ៏ធំដល់សិស្ស ជាពិសេសស្រី។
លោកបញ្ជាក់ថា«គាត់ចាប់អារម្មណ៍ជាមួយកុមារខ្មែរ យុវជនខ្មែរ។ នេះជាការលើកទឹកចិត្តមួយ។ នេះជាការបង្ហាញការចាប់អារម្មណ៍ ឲ្យតម្លៃដល់ការសិក្សារបស់ប្អូនៗ»។

លោកស្រី Angelina Jolie បានផ្តល់មូលនិធិអភិវឌ្ឍន៍នៅវិទ្យាល័យសំឡូត និងបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាប្រចាំ ក្រោយពីលោកស្រីបានមកថតខ្សែភាពយន្តនៅកម្ពុជា ហើយទំនាក់ទំនងនេះបានក្លាយជាការងារមនុស្សធម៌ និងការគាំទ្រដល់សង្គមកម្ពុជា ពិសេសលើវិស័យអប់រំ៕
ដោយ៖សែន ដាវិត


