អយ្យការបានចោទប្រកាន់ជនសង្ស័យបើកបុកមនុស្សស្លាប់៥នាក់នៅខេត្តបាត់ដំបង ដែលអាចប្រឈមការដាក់ទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ
ភ្នំពេញ៖សាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់ដល់អ្នកដទៃ និងបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបង។

បទចោទទាំងពីរដោយផ្អែកលើមាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើតុលាការរកឃើញកំហុសជនជាប់សង្ស័យអាចនឹងប្រឈមការដាក់ទោសជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់ ២៥លានរៀល។

កូនប្រុសរបស់ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យអាយុ ២០ឆ្នាំ រូបនេះ បានសារភាពនៅចំពោះមុខនគរបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃពុធម្សិលមិញនេះ ថាខ្លួនជាអ្នកបានបង្កគ្រោះថ្នាក់ចរាចរណ៍បុករះអ្នកដំណើរចំនួន ៥នាក់ស្លាប់ នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងក្នុងនោះក៏មានស្ត្រីកំពុងមានផ្ទៃពោះម្នាក់ផងដែរ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៧ ខែមីនា ដែលជំរុញឱ្យមានប្រតិកម្មពីមហាជនជាច្រើន រួមទាំងអន្តរាគមន៍ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។

មេធាវីការពារក្តីដោយឥតគិតថ្លៃដល់គ្រួសារជនរងគ្រោះ លោកស្រី លឹម ច័ន្ទលីដា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ភាគីជនរងគ្រោះ និងភាគីជនបង្កបានចាប់ផ្តើមពិភាក្សាគ្នាអំពីសំណងរដ្ឋប្បវេណី នៅកាលពីថ្ងៃពុធ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
បើតាមលោកស្រី មេធាវី លឹម ចន្ទ័លីដា ភាគីជនរងគ្រោះបានទាមទារសំណង ៥ម៉ឺនដុល្លារក្នុងមួយគ្រួសារ បន្ទាប់មកទម្លាក់មកត្រឹម ៣៥.០០០ដុល្លារវិញ។ ប៉ុន្តែភាគីគ្រួសារជនបង្កស្នើសុំផ្តល់សំណងត្រឹមតែ១ម៉ឺនដុល្លារសម្រាប់ជនរងគ្រោះម្នាក់ ហើយភាគីទាំងពីរមិនទាន់ឈានដល់ចំណុចត្រូវរ៉ូវណាមួយនៅឡើយ។

លោកស្រីមេធាវី បញ្ជាក់ថា ដូច្នេះរឿងក្តីនេះនឹងបន្តនីតិវិធីទៅកាន់តុលាការទៀត ដើម្បីផ្ដន្ទាទោសជនបង្កតាមច្បាប់ និងដើម្បីផ្តល់សំណងទៅកាន់គ្រួសារជនរងគ្រោះ៕
ដោយ៖សៅ សុខអេង




