ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ ពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅរសៀលថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ,លោក សុខ ប៊ុនហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូន ពេញ និងប្រតិភូរួមដំណើរមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ពីសម្តេចព្រះឧត្តម ចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា អធិការរងពុទ្ធិកសិក្សាជាតិ និងជា ព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ខណ្ឌដូនពេញ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងអនុសាខាកាក បាទក្រហមកម្ពុជា ខណ្ឌដូនពេញ រាជធានីភំ្នពេញ ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា មានព្រះរាជបន្ទូលក្នុងពិធីទទួល និងប្រគល់អំណោយមនុស្ស ធម៌នេះថា ការផ្តល់អំណោយមនុស្សធម៌ជូនដល់សាខាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់ព្រះសង្ឃតាមវត្តអារាមចំពោះពុទ្ធបរិស័ទ ។ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ព្រះអង្គ មានព្រះរាជបន្ទូលបន្តថា ព្រះសង្ឃត្រូវមានមេត្តា ករុណា អាណិតអាសូរ ការរាប់អានដ៏ជ្រាលជ្រៅចំពោះប្រជាពុទ្ធបរិស័ទ ដែលកំពុងតែរងទុក្ខលំបាកវេទនាលើគ្រប់ផ្នែក និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលរបស់យើងបានមួយផ្នែកផងដែរ ទោះបី បាននិមន្តទៅដោយផ្ទាល់ ឬ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាកី្ត ។
ជាការឆ្លើយតបឯកឧត្តម ហាក់ ប៊ុនធឿន ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការ សាខា និងក្នុងនាមប្រតិអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌភ្នំពេញ បានថ្លែងនូវសេចក្តីអំណរព្រះរាជគុណ និងអរគុណ ជាអនេកប្បការទូលថ្វាយសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ប្រគេនព្រះសង្ឃ ព្រមទាំងជូនចំពោះអាចារ្យគណៈកម្មការវត្តវិមានតេជះ ហៅវត្តស្រះចកទាំងមូល ជារៀងរាល់ឆ្នាំបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរួច សម្តេច តែងបានចូលរួមចំណែកចែករំលែកនូវអំណោយជាសម្ភារថវិកាតាមរយៈសាខាខេត្តកណ្តាល និងអនុសាខាខណ្ឌដូនពេញ ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទទូទៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ តួយ៉ាងជាក់ស្តែងដូចក្នុងករណីពេលនេះជាដើម ។ ឯកឧត្តមបន្តថា កាយវិការរបស់សម្តេច និង ព្រះសង្ឃនាឱកាសនេះ គឺជាការបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែករវាងព្រះសង្ឃជាមួយនឹង ប្រជាពុទ្ធបរិស័ទនៅ ក្នុងសហគមន៍ ។ ប្រការទាំងនេះសបញ្ជាក់ថា ប្រសិនបើពុទ្ធបរិស័ទមានជួបនូវទុក្ខលំបាក ដូចនេះព្រះសង្ឃ ក៏ជួបនូវបញ្ហា ដូចគ្នា ពីព្រោះថាព្រះសង្ឃគឺអាស្រ័យទៅបានដោយសារតែពុទ្ធបរិស័ទផងដែរ ។ ឯកឧត្តមបានសន្យាថា កាកបាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បាននឹងកំពុងអនុវត្តនូវបេសកកម្មមនុស្សធម៌ យ៉ាងសកម្មបំផុត ក្នុងការជួយសម្រាលនូការលំបាកដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ទូទៅនៅក្នុងទូទាំងព្ររាជាណាចក្រកម្ពុជា ដោយពុំមានការរើសអើងនូវពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការ នយោបាយអ្វីឡើយ ដោយស្របតាមប្រធានបទនៃខួបទី១៥៦ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះគឺ៖ “ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា “ ។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនដល់ប្រតិភូទាំងពីរខាងលើរួមមាន៖ អង្ករ ២ តោន ,សម្ភារប្រើប្រាស់ ផ្ទះបាយ ១៦ កញ្ចប់ធំ ,ទឹកដោះគោ ២០០ កំប៉ុង ,ស្ករស ២១០ គីឡូក្រាម ,មី ១៣ កេសធំ ស្មើនឹង ៧៨ កេសតូច ,តែ ២០០ កញ្ចប់ ,ត្រីខ ៣០០ កំប៉ុង ,ទឹកត្រី ១៥ យួរ ,ទឹកស៊ីអ៊ីវ ១៥ យួរ ,ទឹកសុទ្ធ ១០ កេស និងថវិកាសុទ្ធចំនួន ៤ លានរៀល ។ សរុបអំណោយជាសម្ភារនិងថវិកា គិតជាទឹកប្រាក់ស្មើនឹង ២១ លានរៀល ។ សូមបញ្ជាក់ជូនថា ចំពោះអំណោយជាសម្ភារ និងថវិកាខាងលើ ត្រូវបានបែងចែកជា២ចំណែកស្មើៗគ្នា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ៕




