នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវបាន២នាក់ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖
   ទី១ ឈ្មោះ ម៉ឺន ចំរើនរិទ្ធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធា (ប្រភេទមុខសញ្ញាថ្មី) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិសែនជ័យ ត្រូវបានកម្លាំងការិយាល័យបានស្រាជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងបឹងកក់ ផ្លូវលេខR១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ប្រផេះ ក្នុងនោះមានទូរសព្ទ និងលុយ មួយចំនួនត្រូវបានបាត់បង់ )។
    ទី២ ឈ្មោះ សៀន ផល្លា ហៅ ឡា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោងប្រហែល១៦ និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ក្បែរវិទ្យាល័យពញាក្រែក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចជិតវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌ ដូនពេញ កាលពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០១៩កន្លងទៅ ។
     ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងសាកសួររួចរាល់ហើយនោះ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner