អង្គរក្សអភិបាលខណ្ឌពោធិ៍សែនជ័យម្នាក់ស្លាប់ នៅខណ្ឌឫស្សីកែវ និងម្នាក់ទៀតស្លាប់ នៅខណ្ឌជ្រោយចង្វារ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៌
(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបុរស២នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងឧបត្ថវៈហេតុជួបគ្រោះចរាចរណ៌២ករណីផ្សេងគ្នា ក្នុងនោះមានម្នាក់ ដែលត្រូវគេស្គាល់ ថា ជាអង្គរក្ស របស់លោក អភិបាល ខណ្ឌពោធិសែនជ័យ បានបើកម៉ូតូស្កុបពី សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងដោយដឹកស្រាបៀរ HeiNeken ចំនួនពីរកេស ជ្រុលចង្កូតទៅបុកបង្គោលភ្លើង និងម្នាក់ទៀតបើកម៉ូតូម៉ាកឌូគ ព្រលះគ្នាជាមួយរថយន្ដ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលមានអង្គរក្ស របស់លោក អភិបាល ខណ្ឌពោធិសែនជ័យ ស្លាប់បាត់បង់ជីវិតដោយខ្លួនឯង «បើកម៉ូតូបុកបង្គោលភ្លើង» ខាងលើនេះ បានកើតឡើងនៅម៉ោង០៣៖៣០ នាទី ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងត្បូង បុរីវិមានភ្នំពេញប្រមាណជា១០០ម៉ែត្រ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។ ចំណែកការស្លាប់របស់បុរសម្នាក់ទៀត គឺបានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ។
សពបុរសរងគ្រោះដែលត្រូវបានគេស្គាល់ ថាមានមុខរបរជាអង្គរក្សលោក អភិបាលខណ្ឌពោធិសែនជ័យ មានឈ្មោះ ពុធ សុជាតិ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788។
តាមប្រភពនៃការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះដែលជាអង្គរក្ស របស់លោក អភិបាល ខណ្ឌពោធិសែនជ័យ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 ដឹកស្រាបៀ រ HeiNeken ចំនួន២កេស នៅខាងមុខម៉ូតូ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងត្បូង បុរីវិមានភ្នំពេញចម្ងាយប្រមាណជា១០០ម៉ែត្រ ស្រាប់តែរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្តាលទ្រូងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកបែក ក្បាល ស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។
ឯសពបុរសម្នាក់ទៀតឈ្មោះ ខន ចំរេីន មានស្រុកកំណេីតនៅភូមិថ្កូវ ឃុំត្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយជិះម៉ូតូ ១គ្រឿង ម៉ាក Dunk ពាក់ស្លាកលេខ ភ្នំពេញ 1FS-3353 បានព្រលះគ្នាជាមួយរថយន្ដ១គ្រឿងទៀត ដែលមិនស្គាល់ម៉ាក ប៉ុន្តែលោកអធិការរងខណ្ឌជ្រោយចង្វារ រស់ ខេមរិន បែរជាឆ្លើយតប ថាមិនដឹងរឿងហេតុទៅវិញ?។
យ៉ាងណាក៍ដោយ ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដើម្បីធ្វើការស្រាវជ្រាវភ្លាមៗ និងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕




