ប្រធានាធិបតីហ្វាំងឡង់ ៖ អឺរ៉ុប ដល់ពេលចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ជាមួយរុស្ស៊ីដោយផ្ទាល់ហើយ
ហែលស៊ិនគី ៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និយាយថា ដល់ពេលហើយ ដែលសហភាពអឺរ៉ុបត្រូវតែចេញមុខចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។
មេដឹកនាំហ្វាំងឡង់រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី Corriere della Sera កាលពីថ្ងៃ ចន្ទ ថា ពេលវេលាមកដល់ហើយ ដែលអឺរ៉ុបត្រូវតែចាប់ផ្តើមការចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ប៉ុន្តែលោកថា ការចរចាលើតុជាក់ស្តែង ទំនងជាមិនអាចកើតឡើងក្នុងឆ្នាំនេះទេ ។
លោក Stubb ដែលមានវ័យ៥៨ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកជឿជាក់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះរុស្ស៊ី និងអ៊ុយក្រែន លែងស្របតាមផលប្រយោជន៍របស់អឺរ៉ុបទៀតហើយ ដូច្នេះអឺរ៉ុបត្រូវតែចរចាជាមួយរុស្ស៊ីដោយផ្ទាល់ ។
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៥ ហើយ ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាសង្គ្រាម ហៅកាត់ (ISW), ឆ្នាំនេះ កងទ័ពរុស្ស៊ីហាក់ចុះខ្សោយជាងឆ្នាំ២០២៥ ដោយកាលពីខែមេសាកន្លងទៅ រុស្ស៊ីបានបាត់បង់ទឹកដីគ្រប់គ្រងប្រហែល ១១៦ គីឡូម៉ែត្រការ៉េ ដែលនេះជាការបាត់បង់ទឹកដីលើកដំបូង ចាប់តាំងពីអ៊ុយក្រែនវាយសម្រុកចូលតំបន់ Kursk កាលពីខែសីហា ឆ្នាំ២០២៤ ។
បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ចំនួនអ្នកស្លាប់ និងរបួសសរុបរបស់ភាគីជម្លោះទាំងពីរ ទំនងជាឈានដល់ ២ លាននាក់ គិតមកទល់ឆ្នាំ ២០២៦ នេះ ។ ក្នុងនោះ កងទ័ពរុស្ស៊ីត្រូវបានប៉ាន់ស្មានថា មានចំនួនរបួស និងស្លាប់ជិត ១ លាននាក់ រីឯអ៊ុយក្រែនវិញ មានចន្លោះពី ២៥០,០០០ ទៅ ៣០០,០០០ នាក់ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
