គម្រោងចិញ្ចឹមមាន់ស្រែនឹងជួយដល់ជនភៀសសឹកពី៣ ទៅ ៤ពាន់គ្រួសារនៅខេត្តចំនួន៣
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយ រដ្ឋបាលខេត្តព្រះវិហារដែលជាខេត្តរងគ្រោះដោយសារសកម្មភាពឈ្លានពានរបស់យោធាថៃ អនុវត្តនូវគម្រោងពិពិធកម្ម(CASDP) ក្នុងនេះមានគម្រោងចិញ្ចឹមមាន់ស្រែ ។គម្រោងនេះជួយដល់ជនភៀសសឹកពី៣ ទៅ៤ពាន់គ្រួសារ ហើយជនភៀសសឹកនៅខេត្តចំនួន៣ នឹងទទួលផលពីគម្រោងនេះ។
Read:ប្រាប់បណ្ដាញព័ត៌មានAMS នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមរយៈកិច្ចសហការជាមួយដៃគូ, ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារកំពុងផ្សព្វផ្សាយនូវគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ ដើម្បីជួយស្តារជីវភាពដល់បងប្អូនភៀសសឹកនៅក្នុងទីតាំងជម្រកបណ្ដោះអាសន្ននៃខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដោះស្រាយបញ្ហាជាបន្ទាន់ដើម្បី ជួយដល់បងប្អូនជនភៀសសឹកនៅខេត្តចំនួន៣គឺ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បើតាមឯកឧត្តម ឃឹម ហ្វីណង់គម្រោងចិញ្ចឹមមាន់ស្រែនឹងបញ្ចប់នៅនៅក្នុងឆ្នាំនេះ ហើយជនភៀសសឹកដែលនឹងទទួលបានផលពីគម្រោងមានប្រមាណពី៣ ទៅ៤ពាន់គ្រួសារ។
គម្រោងចិញ្ចឹមមាន់ មានការគាំទ្រដល់ជនភៀសសឹកមួយដូចជា ផ្តល់ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ។លើសពីនេះនៅពេលការចិញ្ចឹមបានផល នឹងមានធានាប្រមូលទិញយកវិញក្នុងតម្លៃសមរម្យទៀតផង។
គួរបញ្ជាក់ថា គម្រោងពិពិធកម្ម(CASDP)ជាគម្រោងរបស់ក្រសួងកសិកម្ម នឹងផ្តល់ជួយការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងតំបន់នេះ ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន ដើម្បីអាចចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបាន។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃឹម ហ្វីណង់៕
ដោយ៖ម៉ាដេប៉ូ














