រាជរដ្ឋាភិបាល៖ កសិកម្មជាក្រពះជាតិ ឯមច្ឆជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីន
ស្វាយរៀង៖សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈដែលមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបានជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ ។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីប្រារព្ធទិវាមច្ឆជាតិ ១កក្កដា និងលែងកូនត្រីពូជនៅបឹងទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីកម្ពុជាបានសម្តែងនូវក្ដីរីករាយដែលបានចូលរួមពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី២១ នៅខេត្តស្វាយរៀង ។
ថ្លែងទៅកាន់អ្នកចូលរួមសម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈដែលមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ ដោយសារមច្ឆជាតិ ជាប្រភពផ្ដល់ប្រូតេអ៊ីនមិនចេះរីងស្ងួត និងអាចរក្សាទុកបានជា អាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងសម្បូរទៅដោយមីក្រូសារធាតុ ។
សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅរដ្ឋសភា បានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន គឺជាបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ នៃការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍ និងជនបទ ជាមុំទី៣ ។
សម្រាប់វិស័យកសិកម្មជារួម រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើតភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងធនធានដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព ។
ទាក់ទងនឹងព្រឹត្តិការណ៍១កក្កដា នេះដែរ សម្ដេចធិបតីបានបញ្ជាក់ថា ទិវាមច្ឆជាតិ ១កក្កដា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ








