កម្ពុជាដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (EIRS) ដើម្បីការពារផលប្រយោជន៍និងសុវត្តិភាពអ្នកប្រើប្រាស់
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយនិងទប់ស្កាត់ការនាំចូល ទូរសព្ទចល័ត ឬឧបករណ៍ទូរគមនាគមន៍ដែលប្រើស៊ីម (“ឧបករណ៍ប្រើស៊ីម”) ក្រៅផ្លូវការ សំដៅការពារផលប្រយោជន៍និងសុវត្ថិភាពអ្នកប្រើប្រាស់ ពង្រឹងគុណភាពសេវាទូរគមនាគមន៍ លើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់ និងកំណត់អត្តសញ្ញាណនៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម ក.ប.ទ. នឹងដាក់ឱ្យដំណើរការ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម (Equipment Identity Registration System – EIRS) ចាប់ពី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។
នៅក្នុង ជំហានដំបូង នៃការដាក់ឱ្យដំណើរការនេះ ប្រព័ន្ធ EIRS នឹងបើកឱ្យសាធារណជនប្រើប្រាស់ “មុខងារពិនិត្យស្ថានភាពលេខអាយម៉ី (International Mobile Equipment Identity – IMEI)” ដោយឥតគិតថ្លៃ ក្នុងនោះ ១) អាចត្រួតពិនិត្យអំពីទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនៅលើទីផ្សារ ពិតជាមានស្តង់ដានិងមានគុណភាព មុននឹងសម្រេចចិត្តទិញប្រើប្រាស់ និង ២) អាចត្រួតពិនិត្យអំពីស្ថានភាពទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលខ្លួនកំពុងប្រើប្រាស់។ ការពិនិត្យស្ថានភាពលេខអាយម៉ី អាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោម៖
ក. ការស្វែងរកលេខអាយម៉ីដែលមានចំនួន ១៥ ខ្ទង់ តាមវិធីណាមួយក្នុងចំណោមវិធីទាំង ៣ ខាងក្រោម៖
-ការចុចលេខកូដ *#០៦# នៅលើផ្ទាំងលេខ (Keypad) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
-ការចូលទៅកាន់មុខងារ “ការកំណត់ (Settings)” នៃទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
-ការពិនិត្យលេខអាយម៉ីនៅលើប្រអប់ដើម (Original Box) របស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីម។
ខ. ការពិនិត្យស្ថានភាពលេខអាយម៉ី តាមជម្រើសណាមួយក្នុងចំណោមជម្រើសទាំង ៤ ខាងក្រោម៖
-ការចូលទៅកាន់វេបសាយ www.eirs.gov.kh។
-ការប្រើប្រាស់កម្មវិធីទូរសព្ទចល័ត IMEI KH។
-ការប្រើ សេវាយូ.អេស.អេស.ឌី (USSD) តាមរយៈការចុច លេខកូដ *១២០៥# រួចចុចបញ្ជូន និងអនុវត្តតាមការណែនាំ។
-ការប្រើ សេវាសារខ្លី (SMS) តាមរយៈការវាយ CHK<ដកឃ្លា><លេខអាយម៉ី១៥ខ្ទង់> រួចចុចបញ្ជូនទៅកាន់លេខ ១២០៥។
គ. លទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី មាន ៤ ប្រភេទ គឺ៖
-លេខអាយម៉ីត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ហើយបានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា។
-លេខអាយម៉ីត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះត្រឹមត្រូវ ប៉ុន្តែមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ។
-លេខអាយម៉ីមិនត្រឹមត្រូវ និងបានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយបាន ដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជាជាធម្មតា។
-លេខអាយម៉ីមិនត្រឹមត្រូវ និងមិនទាន់បានដំណើរការ មានន័យថា លេខអាយម៉ីនេះមិនត្រឹមត្រូវ ហើយមិនទាន់បានដំណើរការលើបណ្តាញទូរសព្ទចល័តនៅកម្ពុជានៅឡើយ។
សូមបញ្ជាក់ផងដែរថា គ្រប់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងបណ្តាញទូរសព្ទចល័តនៅកម្ពុជា គឺនៅតែអាចដំណើរការនិងប្រើប្រាស់បានជាធម្មតា បើទោះជាលទ្ធផលនៃការពិនិត្យស្ថានភាពលេខអាយម៉ី បានបង្ហាញអំពីស្ថានភាពណាមួយក៏ដោយ។
ទន្ទឹមនឹងនេះដែរ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចៀសវាងការទិញទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមណាដែលបានបង្ហាញលទ្ធផលថា “លេខអាយម៉ីមិនត្រឹមត្រូវ” យកមកប្រើប្រាស់ ពីព្រោះថា ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមនោះ អាចជាឧបករណ៍ដែលគ្មានស្តង់ដានិងគ្មានគុណភាព ឬជាឧបករណ៍ក្លែងក្លាយ។ ក.ប.ទ. សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមប្រើប្រាស់ប្រព័ន្ធ EIRS ដើម្បីចូលរួមកាត់បន្ថយ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ទូរសព្ទចល័ត ឬឧបករណ៍ប្រើស៊ីមដែលមានលេខអាយម៉ីមិនត្រឹមត្រូវ៕
ដោយ៖ង៉ាន់ ទិត្យ


