រដ្ឋាភិបាលផ្អាករៀបចំបុណ្យអុំទូកឆ្នាំ២០២៦នៅភ្នំពេញ ប៉ុន្តែអនុញ្ជាតឲ្យធ្វើនៅតាមខេត្ត​

រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។
 
យោងតាមសារាចរណែនាំ ដែលចុះហត្ថលេខានៅថ្ងៃទី២៥មិថុនា ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មូលហេតុចម្បងនៃការសម្រេចផ្អាកនេះ គឺដោយសាររាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែន និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការងារអាទិភាពចាំបាច់មួយចំនួនទៀត។
 
ទោះជាយ៉ាងណា​ ការរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅបានជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ក្រៅពីនេះ ថ្ងៃឈប់សម្រាកចំនួន ៣ ថ្ងៃ សម្រាប់មន្ត្រីរាជការ និយោជិត និងកម្មករ គឺនៅរក្សាទុកដដែល ទៅតាមប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ២០២៦។
 
ម៉្យាងទៀត រាជរដ្ឋាភិបាលបានណែនាំដល់ក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសហការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាយុទ្ធជននិងគ្រួសារយុទ្ធជន ដែលរងរបួស ពលី ហើយកំពុងឈរជើងការពារទឹកដី ព្រមទាំងអតីតយុទ្ធជន នៅតាមមូលដ្ឋានរៀងៗខ្លួន។
 
ដោយឡែក ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជួយស្វែងរកឱកាសការងារជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។
 
លើសពីនេះទៅទៀត គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងត្រូវបន្តខិតខំជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពតម្លៃ ខ្សែច្រវាក់ផលិតកម្ម និងគាំទ្រការផលិតក្នុងស្រុក ព្រមទាំងដោះស្រាយរាល់បញ្ហារាំងស្ទះដល់ការធ្វើអាជីវកម្មផ្សេងៗ។
 
 
ចំណែកការងារត្រៀមបង្ការគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតបង្កឡើងដោយបាតុភូត El Niño ក៏ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវចាត់វិធានការរក្សាទឹកទុកឱ្យបានច្រើន សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំក្រោយ។ ​
 
នេះមិនមែនជាលើកទី១ទេដែលពិធីបុណ្យអុំទូកត្រូវបានផ្អាកនៅភ្នំពេញ។ កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ​រាជរដ្ឋាភិបាលក៏បាន​សម្រេចបែបនេះដែរ ដោយសារវិបត្តិ​ជំងឺ​កូវីដ-១៩។ បន្ទាប់ពីរៀបចំឡើងវិញបាន២ឆ្នាំ ពិធីបុណ្យប្រពៃណីជាតិនេះក៏ត្រូវផ្អាកជាថ្មីនៅ​ឆ្នាំ​២០២៥ ដោយសារ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner