កម្ពុជា-វៀតណាមប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសន្តិសុខ
នៅក្នុងជំនួបជាមួយឯកឧត្តម លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានជំរុញឱ្យកម្ពុជា និងវៀតណាម ជាពិសេសអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវសហការគ្នាជាប្រចាំ ដើម្បីធានាសន្តិសុខនៅតាមបណ្តោយព្រំដែន។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចតេជោ បានជំរុញឱ្យប្រទេសទាំងពីរ សហការគ្នាថែរក្សា ការពារខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាលក្ខខណ្ឌគ្រឹះមិនអាចខ្វះបានក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ ឯកឧត្តម លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាពិសេសរវាងកម្ពុជា និងវៀតណាម ដែលមានទំនាក់ទំនងប្រពៃណីជាយូរលង់មកហើយ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីធានាភាពសុខសាន្តនៃប្រជាជាតិទាំងពីរ កម្ពុជា និងវៀតណាមត្រូវតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងត្រូវហាមឃាត់ដាច់ខាតមិនឱ្យកម្លាំងអរិភាពណាមួយ ប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញសន្តិសុខនៃប្រទេសមួយទៀតឡើយ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រការលើកឡើងរបស់ភាគីវៀតណាម ដោយសម្តេចបញ្ជាក់បន្ថែមថា ចំណុចដែលត្រូវចៀសវាងឱ្យខាងតែបាន គឺការការពារកុំឱ្យមានការប្រើប្រាស់កម្លាំងលើទឹកដីវៀតណាមដើម្បីប្រឆាំងកម្ពុជា ឬប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងវៀតណាម។ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើការរួមគ្នាប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងក្នុងចេតនាបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រៅពីនេះ សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ដែលបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ៕
វណ្ណលុក








