មន្ត្រីព្រំដែនកម្ពុជាអះអាងថា កងទ័ពថៃកំពុងព្យាយាមគូសផែនទីថ្មីដើម្បីកាន់កាប់ទឹកដីខ្មែរ
ន្ត្រីជំនាញព្រំដែនកម្ពុជាបានថ្លែងថា កងទ័ពភូមិន្ទថៃកំពុងព្យាយាមបង្កើតផែនទីថ្មីមួយ ក្នុងគោលបំណងបញ្ចូលតំបន់ដែលខ្លួនបានឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ ឱ្យទៅជាទឹកដីរបស់ថៃ។
ទោះបីជាប្រទេសថៃ ខំប្រឹងកែប្រែឯកសារព្រំដែនប្រវត្តិសាស្ត្រ និងសូម្បីតែផែនទីផ្ទាល់ខ្លួនរបស់ថៃខ្លួនឯង ក៏បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ និងប្រាសាទបុរាណដទៃទៀតនៅតាមបណ្តោយជួរភ្នំដងរែក គឺស្ថិតនៅក្នុងទឹកដីកម្ពុជា។ នេះជាការគូសបញ្ជាក់របស់មន្រ្តីជំនាញព្រំដែនកម្ពុជា។
ឯកឧត្តម អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានលើកឡើងនៅក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍ជាតិថ្មីៗនេះថា ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបង្កើតឡើងដោយស្របច្បាប់រួចរាល់ហើយ តាមរយៈសន្ធិសញ្ញា អនុសញ្ញា ផែនទី និងបង្គោលព្រំដែន តាំងពីដើមសតវត្សរ៍ទី២០ មកម៉្លេះ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ ដែលត្រូវបានកំណត់ឡើងនៅដើមសតវត្សរ៍ទី២០ តាមរយៈការខណ្ឌសីមា និងការបោះបង្គោលព្រំដែនចំនួន ៧៤បង្គោល។ ដំណើរការនេះគឺផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ផែនទី កំណត់ហេតុបង្គោលព្រំដែន និងឯកសារពាក់ព័ន្ធផ្សេងៗទៀត រួមទាំងការខណ្ឌសីមាជាក់ស្តែងនៅលើដី។
អ្នកជំនាញដដែលបានលើកពីប្រាសាទខ្នារ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយយោងតាមផែនទីផ្លូវការខ្នាត ១ លើ ២០០ពាន់ ដែលផលិតឡើងដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន បារាំង-សៀម។
ការដកស្រង់រូបភាពពីផ្កាយរណបបង្ហាញថា ទាំងការបកស្រាយខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា និងផែនទីខ្នាត ១ លើ ៥០ពាន់ ដែលថៃផលិតឡើងជាឯកតោភាគី សុទ្ធតែបានបង្ហាញថាប្រាសាទនេះស្ថិតនៅក្នុងដីកម្ពុជាដូចគ្នា។
មន្រ្តីជំនាញកិច្ចការព្រំដែនកម្ពុជា អះអាងថា ទោះបីថៃព្យាយាមគូសផែនទីថ្មីប្រភេទណាក៏ដោយ ក៏ផែនទីទាំងនោះគ្មានតម្លៃ ឬអនុភាពតាមផ្លូវច្បាប់នោះឡើយ៕
ទួន សុផល
