ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស បន្តរូបរួមគ្នាជាធ្លុងមួយនៃមហាគ្រួសារខ្មែរ ព្រមទាំងជឿជាក់ និងគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ព្រះមហាក្សត្របានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ជាពិសេសយុវជន សូមចូលរួមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សំដៅរួមគ្នាការពារ និងកសាងជាតិមាតុភូមិ ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងព្រះរាជសារចុះនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបើកបវេសនកាលរបស់រដ្ឋសភា។
ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្របានមានរាជព្រះបន្ទូលថា ការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីពេលថ្មីៗ ពិតជាសមស្រប និងមានសារៈសំខាន់បំផុត ក្នុងការពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងការបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយៗទៀតផង។
ក្រៅពីនេះ ព្រះមហាក្សត្របានកោតសរសើរដល់សមាជិក សមាជិការដ្ឋសភាគ្រប់រូប ដែលបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតីរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងវីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែន។
ជាងនេះទៅទៀត ព្រះមហាក្សត្របានសម្តែងព្រះរាជហប្ញទ័យសោមនស្សចំពោះសមិទ្ធផលធំធេងរបស់រាជរដ្ឋាភិបាល ដែលបានបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងលំនឹងម៉ាក្រូសេដ្ឋកិច្ច។ ព្រះអង្គបញ្ជាក់ថា ប្រការទាំងនេះបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងទាក់ទាញអ្នកវិនិយោគ៕
ខន ណារី AMS