ក្រុមតារាវិទូបង្ហាញរូបភាពដំបូងក្នុងប្រវត្តិសាស្ត្រនៃតំបន់ Black Hole ទំហំស្មើ៣លានដងនៃផែនដី

ចិន៖ រូបភាពនៃតំបន់ Black Hole ត្រូវបានគេបង្ហាញចេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានពីការសហការគ្នារយៈពេលរាប់ឆ្នាំរវាងក្រុមតារាវិទូប្រមាណ ២០០នាក់នៅជុំវិញពិភពលោក ។ រូបភាពនេះអាចបង្កើតឡើងបានដោយពឹងផ្អែកលើកែវយឹតវិទ្យាសាស្ត្រចំនួន ៨ ដែលដាក់តាំងនៅលើទីតាំងជាច្រើនលើភពផែនដី ។
សាស្ត្រាចារ្យ Heino Falcke ដែលជាអ្នកស្នើឲ្យមានការពិសោធន៍នេះ បានឲ្យដឹងថា វាមានម៉ាសមាឌស្មើនឹងព្រះអាទិត្យ ៦,៥ ពាន់លានដង លោកថា វាគឺជាកំពូល Black Hole ដែលមានទម្ងន់ធ្ងន់មួយក្នុងចក្រវាល ។ ក្នុងរូបភាពមានបង្ហាញអំពីរង្វង់ដ៏ភ្លឺមួយនៃឧស្ម័នក្ដៅ ដែលហូរចូលទៅក្នុងរង្វង់កណ្ដាលពណ៌ខ្មៅ ។ រង្វង់នៃពន្លឺនេះ គឺភ្លឺជាងពន្លឺនៃដួងតារាទាំងអស់ក្នុងកញ្ចុំផ្កាយ Messier 87 រួមបញ្ចូលគ្នាទៅទៀត ហើយវាជាហេតុធ្វើឲ្យតារាវិទូលើភពផែនដីអាចមើលឃើញ និងថតវាបាន ។
សូមជម្រាបថា តំបន់ Black Hole ដែលគេថតបានខាងលើ មានអង្កត់ផ្ចិតទំហំ៤០ពាន់លានគីឡូម៉ែត្រ ដែលស្មើនឹង៣លានដងនៃអង្កត់ផ្ចិតផែនដី ហើយវាមានចម្ងាយ៥០០លានទ្រីលានគីឡូម៉ែត្រពីភពផែនដី ។ វាស្ថិតនៅចំកណ្ដាលនៃកញ្ចុំផ្កាយ Messier 87 ជាកញ្ចុំផ្កាយធំមួយដែលស្ថិតនៅក្បែរកញ្ចុំផ្កាយ Virgo ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner