អ្នកជំនាញសិទិ្ធមនុស្សរបស់អង្គការសហប្រជាជាតិមកទស្សនកិច្ចនៅប្រទេសកម្ពុជា
អ្នករាយការណ៍សិទិ្ធមនុស្សថ្មីរបស់អង្គការសហប្រជាជាតិ នឹងមកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារយៈពេល១២ថ្ងៃ។ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងនេះ ជំនួសអ្នករាយការណ៍ជនជាតិថៃ Vitit Muntarbhorn ដែលត្រូវកម្ពុជាស្តីបន្ទោសថា មិនបានបំពេញភារកិច្ចរបស់ខ្លួនដោយឯករាជ្យ អព្យាក្រឹត និងឥតលម្អៀង។
លោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា គ្រោងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែកក្កដានេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអេនឌ្រូនឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។
អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្នុងរយៈពេល១២ថ្ងៃនៃការស្នាក់នៅកម្ពុជា អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។
លោក Tom Andrews នឹងបង្ហាញនូវរបាយការណ៍នៃដំណើរទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦។
នេះគឺជាបេសកកម្មលើកដំបូងរបស់លោក Tom Andrews មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីអ្នកជំនាញសិទ្ធិមនុស្សជនជាតិអាមេរិកកាំងរូបនេះ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៦ ជំនួសអ្នករាយការណ៍ពិសេសជនជាតិថៃ Vitit Muntarbhorn។
លោក Vitit Muntarbhorn បានលាលែងពីតំណែងនេះកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលើកឡើងពីហេតុផលសុខភាព។ ប៉ុន្តែជាក់ស្តែង ការលាលែងរបស់លោកធ្វើឡើងក្រោយពីកម្ពុជាបានរិះគន់លោកចំៗចំពោះការព្រងើយកន្តើយលើបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសករណីឃុំខ្លួនទាហានកម្ពុជាចំនួន ១៨ នាក់ដោយខុសច្បាប់ពីសំណាក់យោធាថៃ និងផលប៉ះពាល់លើប្រជាពលរដ្ឋស៊ីវិល ដោយសារជម្លោះបង្កឡើងដោយភាគីថៃ៕