អ្នកជំនាញអាជ្ញាធរជាតិអប្សរាប្រញាប់ជួសជុលប្រាង្គឥដ្ឋប្រាសាទបាគង ដែលមានអាយុកាលជាង ១ពាន់ឆ្នាំ
ភ្នំពេញ ៖នៅខេត្តសៀមរាបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ប្រញាប់ប្រញាល់ជួសជុលសង្គ្រោះបន្ទាន់ នូវប្រាង្គឥដ្ឋដែលមានអាយុកាលជាង ១ពាន់ ឆ្នាំនៃប្រាសាទបាគងដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានកំពុងដំណើរការគម្រោងជួសជុលសង្គ្រោះបន្ទាន់ នូវប្រាង្គឥដ្ឋលេខ១២ លេខ១៣ និងលេខ១៤ នៃប្រាសាទបាគង ដែលស្ថិតនៅខាងក្រៅកំពែងទី២ នាជ្រុងឦសាន ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ១,០០០ ឆ្នាំមួយនេះ ឱ្យបន្តឈរជើងរឹងមាំសម្រាប់កូនខ្មែរជំនាន់ក្រោយ។
យុទ្ធនាការជួសជុលសង្គ្រោះបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ប្រាង្គឥដ្ឋទាំងបីនេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ អស់ពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារតែកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំរយៈពេលយូរ។ ក្នុងនោះ ប្រាង្គខាងត្បូង លេខ១២ និងប្រាង្គខាងជើង លេខ១៤ បានរលំបាក់បាត់បង់រូបរាងរហូតដល់ខឿន ខណៈប្រាង្គកណ្តាល លេខ១៣ ថ្វីត្បិតតែនៅរក្សារូបរាងពីខឿនដល់កំពូល ប៉ុន្តែជញ្ជាំងផ្នែកខាងមុខបានរលុះឥដ្ឋមួយផ្នែកធំ ស៊ុមទ្វារដួលរលំ និងមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង ដែលទាមទារការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមជំនាញបានចាប់ផ្តើមគម្រោងជួសជុលនេះតាំងពីខែមេសា ឆ្នាំ២០២៦ ហើយរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។
បើតាមលោក គឹមហួល បច្ចុប្បន្នក្រុមជំនាញកំពុងជួសជុលពង្រឹងខឿន ស៊ុមទ្វារ រចនាសម្ព័ន្ធជណ្តើរ និងផ្នែកដែលចុះខ្សោយឱ្យមានភាពរឹងមាំឡើងវិញ និងធ្វើការបិតកំបោរបាយអដើម្បីការពារការជ្រាបទឹក ការពារសត្វល្អិត និងទប់ស្កាត់មិនឱ្យស្មៅ ឬរុក្ខជាតិតូចធំដុះតាមផ្ទៃប្រាសាទ។សម្រាប់ប្រាង្គកណ្តាល ក្រុមការងារបានជួសជុលស៊ុមទ្វារ ហោជាង និងសសរពេជ្រ ដែលបានដួលរលំរាយប៉ាយខុសទីតាំង យកទៅផ្គុំ និងដាក់នៅទីតាំងដើមឡើងវិញ។
បន្ទាប់ពីបញ្ចប់ការងារជួសជុលរចនាសម្ព័ន្ធរួចរាល់ ក្រុមជំនាញនឹងប្រើប្រាស់ដែកក្រៀកបន្ថែមនៅផ្នែកខាងលើនៃប្រាង្គឥដ្ឋលេខ១៣ ដើម្បីជួយទប់លំនឹងប្រាង្គទាំងមូលឱ្យកាន់តែមានស្ថិរភាព និងភាពរឹងមាំជារៀងរហូតតទៅ៕
ដោយ៖ទួន សុផល








