រុស្ស៊ី-អ៊ុយក្រែន វាយប្រហារគ្នារយៈចម្ងាយឆ្ងាយ ស្លាប់មនុស្ស២១នាក់

កៀវ,មូស្គូ ៖ មនុស្សយ៉ាងតិច ចំនួន២១នាក់បានស្លាប់ នៅក្នុងការវាយប្រហារ ដ្រូន និង មីស៊ីល រយៈចម្ងាយឆ្ងាយ ទៅវិញទៅមក រវាងរុស្ស៊ី និង អ៊ុយក្រែន កាលពីថ្ងៃសុក្រ។

បើតាម CNA, ការវាយប្រហាររយៈចម្ងាយឆ្ងាយ រវាងគូជម្លោះទាំងពីរ រួមទាំងការវាយប្រហារទៅលើកិច្ចប្រជុំមួយ របស់វិស័យឧស្សាហកម្មការពារជាតិអ៊ុយក្រែន នៅក្បែរទីក្រុងកៀវ និង កើតមាននៅឯរោងចក្រមួយកន្លែង ទិសខាងកើត នៃទីក្រុងមូស្គូ។

រដ្ឋអាជ្ញារបស់អ៊ុយក្រែនបានឱ្យដឹងថា នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយ ពីសំណាក់មីស៊ីលរបស់រុស្ស៊ី នៅខាងក្រៅរដ្ឋធានី របស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ និងធ្វើឱ្យមនុស្សប្រហែល ១០០ នាក់ផ្សេងទៀតរងរបួស។

កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារជាបន្តបន្ទាប់ ដោយប្រើដ្រូន និងមីស៊ីល រយៈចម្ងាយឆ្ងាយ ទៅលើប្រទេសរុស្ស៊ី វិញ។ ទីក្រុងមូស្គូបានឱ្យដឹងថា រួមមានទាំងការវាយប្រហារ ទៅលើរោងចក្រមួយកន្លែង ក្នុងទីក្រុង Kirov ដែលមានចម្ងាយជាង ១.០០០ គីឡូម៉ែត្រ ពីសមរភូមិមុខ ស្លាប់មនុស្ស ៦នាក់។

ភាគីទាំងពីរបានបង្កើនការវាយប្រហារដោយប្រើដ្រូន និងមីស៊ីល ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ឆ្នាំកន្លះមកនេះ កំពុងជាប់គាំង។

អង្គការសហប្រជាជាតិបានឱ្យដឹង នៅសប្តាហ៍នេះថា ចំនួនជនស៊ីវិលដែលរងគ្រោះនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានកើនឡើង ៣៧ ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាតួលេខកើនឡើង ស្ទើរតែទ្វេដង បើធៀបនឹងអ្វីដែលត្រូវបានកត់ត្រា កាលពីឆ្នាំ២០២៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner