ទូតចិន ៖ ចំណងមិត្តភាពដែកថែបរវាងយោធាចិន-កម្ពុជា គឺមិនអាចបំបែកបាន
លោក វ៉ាង វិនពីង (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា ក៏ដូចជារវាងប្រទេសចិន និងកម្ពុជា គឺមិនអាចបំបែកបានឡើយ។
មន្រ្តីទូតជាន់ខ្ពស់ចិន បានលើកឡើងដូច្នេះ នៅក្នុងពិធីអបអរសាទរខួបលើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងតំណាងកងទ័ពកម្ពុជា និងចិនជាច្រើននាក់ទៀត។
ក្នុងឱកាសនោះសម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ក៏បានផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់កងទ័ព និងប្រជាជនទាំងពីរ កម្ពុជា-ចិន។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ពីទំនាក់ទំនងកម្ពុជា-ចិន ដែលនៅតែរឹងមាំស្ថិតស្ថេរ និងបន្តរីកបន្តឥតឈប់ឈរ បើទោះបីជា បរិបទអន្តរជាតិ និងតំបន់កំពុងតែមានការប្រែប្រួល ក៏ដោយ។
អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ បានបញ្ជាក់ទៀតថា ប្រទេសចិន មិនតែមានទំនាក់ទំនងកាទូតក៏ជិតស្និទជាមួយកម្ពុជា ប៉ុណ្ណោះទេ ចិនក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យជាច្រើននៅកម្ពុជា។
លោកបណ្ឌិត គិន ភា បន្តថា «សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនេះ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត»។
សូមបញ្ជាក់ថា នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១១,៦ពាន់លានដុល្លារ កើនឡើងជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕
ខន ណារី AMS




