សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។ នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។
ការចុចបើកឬដំណើរការ (Run) តំណភ្ជាប់ (Link) ឬឯកសារទាំងនោះអាចបណ្ដាលឱ្យ៖ មេរោគ (Malware) នោះត្រូវបានដំឡើងលើទូរសព្ទឬកុំព្យូទ័រ, លួចយកគណនីធនាគារ ហ្វេសបុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗ និងអាចលួចយកព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និងទិន្នន័យសំខាន់ៗ ហើយអាចបន្តប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់អ្នកដទៃជាបន្តបន្ទាប់។
ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖
- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក និងពិនិត្យមើល Active Session ជាប្រចាំ (សូមពិនិត្យសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)
- ពិនិត្យឈ្មោះឯកសារ និងផ្នែកខាងចុង (Extension) ឱ្យបានច្បាស់ មុនពេលចុចបើក
- ផ្ទៀងផ្ទាត់ថាសារពិតជាត្រូវបានផ្ញើដោយអ្នកផ្ញើ មុនពេលចុចលើតំណភ្ជាប់ ឬបើកឯកសារភ្ជាប់
- ប្រសិនបើមានការសង្ស័យ សូមលុបសារ និងឯកសារភ្ជាប់នោះ ហើយទាក់ទងទៅម្ចាស់គណនីតាមទូរសព្ទ ឬមធ្យោបាយផ្សេង ដើម្បីជូនដំណឹងថាគណនី Telegram របស់ពួកគេអាចត្រូវបានលួចចូល
- ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ប្រសិនបើលោកអ្នកបានចុចលើតំណភ្ជាប់ (Link) ឬឯកសារដែលគួរឱ្យសង្ស័យ សូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖ - កុំបញ្ចូលព័ត៌មានសម្ងាត់ណាមួយ
- ធ្វើការផ្ដាច់ឧបករណ៍របស់លោកអ្នកចេញពីអ៊ីនធឺណិតភ្លាម
- ពិនិត្យមើល Active Session និងលុបចោល (Terminate) Session ដែលមិនស្គាល់ (សូមពិនិត្យមើលសេចក្ដីណែនាំដូចមានភ្ជាប់មកជាមួយ)
- បើកដំណើរការផ្ទៀងផ្ទាត់ពីរជំហ៊ាន (Two-Step Verification) សម្រាប់គណនី Telegram របស់អ្នក (ប្រសិនបើមិនទាន់មាន)
- លុបតំណភ្ជាប់ (Link) ឬឯកសារចេញពីទូរសព្ទ ឬកុំព្យូទ័រ៕
ដោយ៖ង៉ាន់ ទិត្យ




