ខ្យល់ពុលនៅភាគខាងជើងប្រទេសថៃចាប់ផ្តើមថមថយ ក្រោយនាយករដ្ឋមន្ត្រីដាក់ចេញ វិធានការក្តៅ៧ថ្ងៃ
វិធានការតឹងរឹង១សប្តាហ៍របស់លោកនាយករដ្ឋមន្ត្រីថៃ ក្នុងការបំបាត់ខ្យល់ពុល នៅភាគខាងជើងប្រទេសហាក់មានប្រសិទ្ធភាពបណ្តើរៗហើយ ដោយក្នុងនោះ កម្រិតខ្យល់ពល PM2.5 បានថមថយខ្លះៗ គិតត្រឹមថ្ងៃអង្គារទី៩ មេសា ម្សិលមិញ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃនេះ។
ប្រភពថា ការបំពុលខ្យល់នៅភាគខាងជើងប្រទេសថៃបានថមថយច្រើនហើយ ក្នុងរយៈពេល៧ថ្ងៃមកនេះ ពោលគឺចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដាក់ចេញវិធានការ៧ថ្ងៃដោះស្រាយបញ្ហានេះ ដោយលោកបានទៅដល់ខេត្តឈៀងម៉ៃ ផ្ទាល់ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន។ ប្រភពថា កម្រិតខ្យល់ពុល PM2.5 នៅក្នុងតំបន់ភាគខាងជើង បានធ្លាក់ចុះ ក្នុងនោះ ដូចជានៅស្រុក Mae Sai នៃខេត្តឈៀងរ៉ៃ បានធ្លាក់ចុះពី២៧២មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ កាលពីអង្គារសប្តាហ៍មុន មកនៅត្រឹម១០៦ម៉ែត្រគូបខ្យល់ គិតត្រឹមម្សិលមិញ។ យោងតាមនាយកដ្ឋានគ្រប់គ្រងការបំពុល បានឲ្យដឹងថា កម្រិតពុល PM2.5 លើសពី៥០មីក្រូក្រាម បង្ហាញថា គ្មានសុវត្ថិភាពក្នុងការដកដង្ហើមទេ។
វិធានការដែលលោក ប្រាយុទ្ធ បានដាក់ចេញបន្ទាន់ តាំងពីថ្ងៃទី២ មេសា មកនោះ រួមមានដូចជា ការប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់រយគ្រឿង បាញ់ទឹកពន្លត់ភ្លើងឆេះព្រៃ ហើយចាត់ឲ្យអាជ្ញាធរក្នុងតំបន់គ្រប់គ្រងពលរដ្ឋមិនឲ្យមានការដុតព្រៃ ជាដើម ដោយគេដឹងថា ភ្លើងឆេះព្រៃគឺជាមូលហេតុចម្បងបណ្តាលឲ្យមានការពុលខ្យល់ នៅភាគខាងជើងប្រទេសថៃ រាប់ខែមកនេះ៕ម.ន