យន្ដហោះចម្បាំងបំបាំងកាយជប៉ុន ធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ពេលហ្វឹកហាត់
កាលពីយប់ថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានឱ្យដឹងថា យន្ដហោះចម្បាំងបំបាំងកាយជប៉ុន F-35A ដែលបានបាត់ចេញពីប្រព័ន្ធរ៉ាដា បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អំឡុងពេលហ្វឹកហាត់ហោះហើរជាមួយយន្ដហោះចម្បាំង F-35 ៣គ្រឿងផ្សេងទៀត។
លោក Takeshi Iwaya ថា យន្ដហោះចម្បាំងខាងលើបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោង៧និង៣០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ខណៈកំពុងហោះហើរនៅចម្ងាយ១៥៣គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Misawa ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ រីឯបំណែកយន្ដហោះត្រូវបានគេរកឃើញនៅ ព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំទាន់រកឃើញពីឡុតបញ្ជាយន្ដហោះចម្បាំងនេះនៅឡើយទេ រីឯការស៊ើបអង្កេតកំពុងធ្វើឡើង។
សូមបញ្ជាក់ថា យន្ដហោះចម្បាំងជប៉ុន F-35 ដ៏ទំនើបទិញពីសហរដ្ឋអាម៉េរិកមានតម្លៃចាប់ពី៨៩លានដុល្លារ ឡើងទៅ ហើយការធ្លាក់យន្ដហោះចម្បាំង F-35A នេះទៀតសោត កើតមាននៅចំពេលជប៉ុនប្រកាសពីគម្រោងទិញយន្ដហោះចម្បាំង F-35A ១០៥គ្រឿង និងF-35B ៤២គ្រឿង៕ម.ន