អភិបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយសហគ្រិនវ័យក្មេង

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសហគ្រិនវ័យក្មេង ដឹកនាំដោយលោក ឡាយ គឹមសួ ប្រធានសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងដើមី្បទទួលបានអនុសាសន៍ បច្ចេកទេសមួយចំនួន ជាមូលដ្ឋានគ្រឹះសម្រាប់សហគ្រិនវ័យក្មេងយកទៅអនុវត្ត ព្រមទាំងបានធ្វើការបង្ហាញអំពីគម្រោងផែនការគោលរបស់សហគ្រិនវ័យក្មេង សម្រាប់ទៅថ្ងៃអនាគតផងដែរ។

លោក ឡាយ គឹមសួ បានបង្ហាញអំពីគម្រោងដែលពាក់ព័ន្ធទៅនឹងវិស័យទេចរណ៍នៅខេត្តសៀមរាប ដើមី្បធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត ស្នាក់នៅរយៈពេលយូរ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនខេត្តសៀមរាបផងដែរ។ លោកបានលើកពីបញ្ហាប្រឈមមួយចំនួនរបស់យុវជនមួយចំនួន ដោយកង្វះនូវចំណេះដឹង ធនធាន មិនទទួលបានការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេសជាដើម។ លោក ឡាយ គឹមសួ បានគូសបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមក សហគ្រិនវ័យក្មេង ក៏បានធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេសជាមួយបណ្តាសហគ្រឹនវ័យក្មេងពីបណ្តាប្រទេសមួយចំនួន  ក្នុងការបណ្តុះបណ្តាលនូវចំណេះដឹងបន្ថែម ដើមី្ប បង្កើននូវកម្រិតយល់ដឹង បង្កើននូវធនធានមនុស្សនៅកម្ពុជា។

លោកបានបញ្ជាក់ថា ក្រៅពីការស្នូលរបស់សហគ្រិនវ័យក្មេង ក៏បានចូលរួមការងារសង្គម លើការជំរុញដល់សមាជិកសហគ្រិន បានទៅចូលរួមធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យ ព្រមទាំងធ្វើការជិះកង់ប្រមូលមូលនិធិ ដើមី្បទ្រទ្រង់ដល់មន្ទីរទេព្យគន្ធបុប្ផាផងដែរ។ លោកក៏បានឲ្យដឹងផងដែរថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសហគ្រិនវ័យក្មេង នឹងរៀបចំពិធីបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យ ដែលមានចំនួនអ្នកចូលរួមកើនឡើងជាងឆ្នាំមុនផងដែរ។ លោកបានលើកនូវសំណូមពរមួយចំនួនដល់ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសខេត្តជួបជាមួយបណ្តាអ្នកវិនិយោគបរទេស ដើមី្បងាយស្រួលស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងគោលដៅស្វែងរកទីផ្សារសម្រាប់ប្រជាកសិករកម្ពុជាយើងផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានកោតសរសើរពីភាពវ័យឆ្លាតរបស់សហគ្រិនវ័យក្មេងកម្ពុជា ដែលតែងស្វែងរកនូវកម្មវិធីថ្មីៗប្លែកៗ ដើមី្បកសាងអនាគតដល់យុវជនកម្ពុជា។ ឯកឧត្តមបានលើកអំពីគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ នៅពេលខាងមុខនេះ ខេត្តសៀមរាប នឹងធ្វើការពង្រីកនូវវិសាលភាពលើវិស័យទេសចរណ៍ នៅតាមតំបន់មួយចំនួន សំខាន់គឺ នៅភ្នំគូលែន ដែលជាតំបន់មានសក្តានុពល ជា «តំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង«ទេសចរណ៍បែបផ្សងព្រេង»ដ៏ទាក់ទាញថ្មីមួយទៀតនៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និង ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឲ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តបានកំពុងដោះស្រាយបញ្ហាមួយចំនួន ដោយបើកយុទ្ធនាការធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមតំបន់ដីរបស់រដ្ឋ ដែលរងការកាប់បំផ្លាញ ដោយមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង សិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋ ដើមី្បជាការរំលឹកពញាក់ស្មារតីបងប្អូន អំពីការបាត់បង់ព្រៃឈើ តើយើងទទួលរងគ្រោះអី្វខ្លះពីធម្មជាតិវិញ ហើយការដាំដុះកូនឈើឡើងវិញ យើងនឹងទទួលបានអត្ថប្រយោជន៍ធំធេង តាមរយៈវិស័យ ទេសចរណ៍ គឺជាតំបន់ទេសចរណ៍មាសបៃតង។

ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តរបស់អាជ្ញាធរខេត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់ខ្ពស់ ដោយខេត្តសៀមរាប ជាកន្លែងប្រមូលផ្តុំចំពោះគណៈប្រតិភូជាន់ខ្ពស់ ថ្នាក់ជាតិ អន្តរជាតិ ចូលរួមកិច្ចប្រជុំ។ ជាមួយគ្នានេះ ការងារចរាចរណ៍ជាចំណោទបញ្ហា ដែលខេត្តបានកំពុងដោះស្រាយ ដោយក្រុងសៀមរាប ជាក្រុងបុរាណកាលដែលមានផ្លូវតូចៗ ហើយខេត្តបានកំពុងធ្វើការពង្រីក និងកែលម្អផ្លូវមួយចំនួន ក្នុងការរំដោះភាពកកស្ទះចរាចរណ៍នៅក្នុងក្រុង។ ឯកឧត្តមក៏បានសំណូមពរដល់សហគ្រឹនវ័យក្មេង ត្រូវយកចិត្តទុកដាក់ចំពោះវិស័យកសិកម្ម ដើមី្បធ្វើការស្វែងរកនូវ ទីផ្សារ សម្រាប់បងប្អូនប្រជាកសិករខ្មែរយើង ក្នុងការលើកកម្ពស់ដល់ផលិតផលក្នុងស្រុកផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner