លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង ប្រារព្ធពិធី «អនុស្សាវរីយ៍សង្ក្រាន្តវិទ្យាល័យខ្ញុំ» ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំកុរ

ស្ទឹងត្រែង៖ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានរៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដោយមានរៀបចំកម្មវិធីលេងកម្សាន្តសប្បាយជាច្រើនតាមបែបបទសិល្បៈវប្បធម៌ខ្មែរ ក្នុងគោលបំណងបំផុសស្មារតីយុវជនឲ្យចេះស្រឡាញ់វប្បធម៌ខ្មែរ។

លោក រឿន វឿន នាយករងវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលវិទ្យាល័យបានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះឡើង ហើយសម្រាប់សង្ក្រាន្តឆ្នាំ២០១៩នេះ យើងកំណត់ហៅថា «អនុស្សាវរីយ៍សង្ក្រាន្តវិទ្យាល័យខ្ញុំ» ដោយប្រារព្ធធ្វើក្នុងរយៈពេល១ថ្ងៃ គឺចាប់ពីម៉ោង៧និង៣០នាទីព្រឹក រហូតដល់ម៉ោង៧យប់។ លោកបានបញ្ជាក់ថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវប្រពៃណីវប្បធម៌ពីដូនតារបស់ខ្មែរយើង ដើម្បីឲ្យសិស្សានុសិស្ស និងយុវជនបានចូលរួមថែរក្សាមរតកដ៏ផូរផង់ទាំងនេះ។ ជាពិសេស ចង់ឲ្យសិស្សានុសិស្សទាំងអស់ ចេះរួបរួមសាមគ្គីគ្នា ធ្វើការងារជាក្រុមទៅតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន តាមបែបសម័យ និងតាមបែបបទប្រពៃណីខ្មែរ។

ប្អូនស្រី វណ្ណៈ វតី ដែលបានចូលរួមក្នុងពិធីសង្ក្រាន្តនេះ បានលើកឡើងថា ពិធីនេះធ្វើឲ្យប្អូន មានការយល់ដឹងបន្ថែមទៀត ព្រោះក្នុងបរិយាកាសសង្រ្កាន្តវិទ្យាល័យហ៊ុន សែននេះ មានរៀបចំតាំងបង្ហាញពីសម្ភារវប្បធម៌មួយចំនួន ដែលពាក់ព័ន្ធទៅនឹងមេរៀនផ្សេងៗក្នុងកម្មវិធីសិក្សា។ ម្យ៉ាងទៀតធ្វើឲ្យប្អូនមានភាពសប្បាយរីករាយមួយផ្នែកផងដែរ ដោយប្អូនបានជួបមិត្តភក្ដិរួមជំនាន់ និងប្អូនៗរៀនជំនាន់ក្រោយ រួមគ្នាលេងកម្សាន្តជាមួយនឹងល្បែងប្រជាប្រិយ៍ផ្សេងៗ និងរាំលេងតាមចង្វាក់ប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា ក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែងនាឱកាសនេះ គេឃើញមានការលេងល្បែងប្រជាប្រិយ៍ជាច្រើនប្រភេទ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម លោតបាវជាដើម។ ជាពិសេស មានសំណួរចម្លើយចំណេះដឹងទូទៅ ហើយនៅគ្រាបើកកម្មពិធីដំបូងក៏មានរបាំជូនពរ គោះត្រឡោក របាំត្រុដិ និងបង្ហាញម៉ូតសម្លៀកបំពាក់តាមសម័យកាល និងសម្លៀកបំពាក់ជនជាតិដើមភាគតិចផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner