សភាពាណិជ្ជកម្មកម្ពុជា-កូរ៉េចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញធុរកិច្ចនិងវិនិយោគ
សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកូរ៉េ និងកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។
អនុស្សរណៈនៃការយោគយល់នេះចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោក គីម សឹង ស៊ូ (Kim Seong Su) ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM)។
សភាពាណិជ្ជកម្មកម្ពុជាបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះបង្កើតក្របខ័ណ្ឌប្រតិបត្តិការសំខាន់ៗរួមមាន៖ ការចែករំលែកទិន្នន័យពាណិជ្ជកម្ម ព័ត៌មានបច្ចុប្បន្នភាពបទប្បញ្ញត្តិ គោលនយោបាយសេដ្ឋកិច្ច ការផ្គូផ្គងធុរកិច្ច ការរៀបចំទស្សនកិច្ចពាណិជ្ជកម្ម វេទិកាធុរកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការជួយគាំទ្រគ្នាទៅវិញទៅមក។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា កម្ពុជាមានបរិយាកាសធុរកិច្ចល្អប្រសើរ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលអំណោយផលសម្រាប់វិនិយោគិន និងមានគោលនយោបាយលើកទឹកចិត្ត និងគាំទ្រធុរកិច្ច។ អ្នកឧកញ៉ាសង្កត់ធ្ងន់ថា MoU នេះ គឺជាដំណាក់កាលដ៏សំខាន់មួយឈានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងសភាពាណិជ្ជកម្មទាំងពីរ ដោយត្រូវបានរៀបចំឡើងដើម្បីការពារ និងទាក់ទាញការវិនិយោគពីកូរ៉េ។
ចំណែកប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជាវិញ បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃអនុស្សរណៈយោគយល់នេះ និងចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា។ អនុស្សរណៈនេះ មិនត្រឹមតែជួយទាក់ទាញវិនិយោគិនកូរ៉េប៉ុណ្ណោះទេ ថែមទាំងជួយការពារការវិនិយោគដែលមានស្រាប់ផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េសម្រេចបាននូវទំហំទឹកប្រាក់ជាង ៩២៣លានដុល្លារ កើឡើងជិត ១០% ក្នុងនោះកម្ពុជានាំទំនិញចេញទៅកូរ៉េមានតម្លៃជិត ៣២៧លានដុល្លារ ចំណែកឯកូរ៉េនាំចូលមកវិញមានតម្លៃ ៥៩៦លានដុល្លារកើន ១៤,៤%៕








