ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តក្នុងព្រៃតំបន់អង្គរ នាបាតុភូតសមរាត្រីនារដូវកាលបៃតង
ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ក្នុងព្រៃតំបន់អង្គរចម្ងាយ ១២គីឡូម៉ែត្រ ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់ទេសចរណ៍ ទស្សនាសមរាត្រីក្នុងតំបន់អង្គរនារដូវកាលបៃតង» នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ ដោយគ្រោងទទួលអ្នកចូលរួមចំនួន ១ពាន់នាក់ ដោយឥតគិតថ្លៃ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់បណ្តាញព័ត៌មាន AMS កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងគោលបំណងផ្សព្វផ្សាយអច្ឆរិយភាពអង្គរដោយ ផ្សារភ្ជាប់សកម្មភាពកីឡាជាមួយតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាបាតុភូតធម្មជាតិដ៏អស្ចារ្យ «សមរាត្រី» ឬ ព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដែលនឹងកើតឡើងពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ការបង្កឱកាសដល់អ្នកចូលរួមបានជិះកង់ផ្សងព្រេងកាត់ព្រៃធម្មជាតិ ឆ្លងកាត់កំពែងប្រាសាទបុរាណ ទស្សនាប្រាសាទលាក់ខ្លួន និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់បំព្រងនារដូវកាលបៃតង និង ជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងលើកកម្ពស់រូបភាពទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកក៏ស្ថិតនៅក្នុងគោលបំណងរៀបចំព្រឹត្តការណ៍នេះដែរ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា បន្ថែមពីលើព្រឹត្តិការណ៍ជិះកង់នាថ្ងៃទី២០ ខែកញ្ញា នៅថ្ងៃទី២១ ខែកញ្ញា ក៏មានព្រឹត្តិការណ៍រត់ប្រណាំងមួយទៀត ដែលចេញដំណើរពីមុខសាលាខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាសមរាត្រីផងដែរ។
ជាមួយគ្នានេះក្រសួងទេសចរណ៍បានអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់នេះឱ្យបានច្រើនកុះករ ដោយពុំមានការបង់ប្រាក់ឡើយ។
សូមជម្រាបថា បាតុភូតសមរាត្រី (Equinox) នៅប្រាសាទអង្គរវត្ត កើតឡើងតែ ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺលើកទី១ នៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងលើកទី២ នៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា៕







អត្ថបទ៖ ជាវ ចន្ធូ