រថយន្តយីឌុបបើកជែង វាក់នឹងម៉ូតូឆ្លងផ្លូវ ក៏កៀររថយន្តកុងទីន័របុកនឹងរបាំង ផ្លូវបាក់អស់១កង់
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលមកពីរថយន្តយីឌុបមួយគ្រឿង បើកជែងជាមួយរថយន្តកុងទីន័រ វ៉ាក់នឹងម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវ ក៏គេចទៅកៀររថយន្តកុងទីន័រវិញ ធ្វើឲ្យរថយន្តកុងទីន័រជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែកឯរថយន្តកល់ជាប់កង់ឆ្វេងខាងមុខ បើកទៅមុខលែងរួច។
រីឯរថយន្តយីឌុប បានបន្ថែមល្បឿនបើករត់ តែត្រូវបានអ្នកឃើញហេតុការណ៍ជួយតាមឃាត់បាន និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០:១៥នាទីយប់ ថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ នៅស្តុបសន្សំកុសល ផ្លូវ២៧១ កែងផ្លូវ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំសណ្ដោងកុងទីន័រមួយគ្រឿងម៉ាក STERLING ផ្លាកលេខភ្នំពេញ 3C-0795 បើកបរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿង ពណ៌ស ផ្លាកលេខចង្កូតស្ដាំ 0303 បានបើកវ៉ាស្ដាំជែងជាមួយរថយន្តកុងទីន័រ តែបានវ៉ាក់នឹងម៉ូតូមួយគ្រឿងដែលឆ្លងផ្លូវ ទើបរថយន្តយីឌុបគេចទៅកៀរថយន្តកុងទីន័រ បណ្ដាលឲ្យបាក់កញ្ចក់ផ្នែកខាងស្ដាំ ធ្វើឲ្យរថយន្តកុងទីន័រ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវតែម្តង។
រីឯរថយន្តយីឌុប បានបន្ថែមល្បឿនបើករត់ រហូតដល់ផ្លូវ៤៣២ កែងផ្លូវ២៧១ ត្រូវបានប្រជាពលរដ្ឋជួយតាមឃាត់បាន និងរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។ ក្រោយពីកើតហេតុ ខាងសមត្ថកិច្ចជំនាញចុះមកវាស់វែងរួចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ