លេខាធិការប្រតិបត្តិនៃអង្គការ UN ESCAPP ទទួលស្គាល់នូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមចំណែកទំនាក់ទំនងរវាងកម្ពុជា-អាស៊ាន កម្ពុជា និងUN ESCAPP

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងជំនួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅវិមានសន្តិភាព លោកជំទាវ អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) លេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) បានថ្លែងអំណរគុណជូនសម្ដេចតេជោ ដែលបានបង្កើតគណៈកម្មការជាតិ សម្រាប់ UN ESCAPP ដែលគណៈកម្មការនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ហើយបានសម្របសម្រួល និងជំរុញនូវការងារយ៉ាងជិតស្និទ្ធ និងស្អិតរមួតរវាងអង្គការ UN ESCAPP ចិត្ត និងរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនោះទៅទៀត លោកជំទាវ ក៏បានទទួលស្គាល់នូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមចំណែកទំនាក់ទំនងរវាងកម្ពុជា-អាស៊ាន កម្ពុជា និង UN ESCAPP ផងដែរ។

ជាងនេះទៅទៀត លោកជំទាវ Armida ក៏បានគោរពជម្រាបជូនសម្តេចតេជោផងដែរថា UN ESCAPP មានបំណងនឹងបន្តសហការជាមួយកម្ពុជាទៀត ទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណា រួមគ្នាជំរុញគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងឱកាសនោះដែរ លោកជំទាវ Armida Salsiah Alisjahbana បានគោរពជម្រាបជូនសម្តេចតេជោ ថា UN ESCAPP បានទទួលស្គាល់នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ លោកជំទាវ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពពេញលេញ។ លើសពីនេះទៅទៀត លោកជំទាវ ក៏បានទទួលស្គាល់នូវការអភិវឌ្ឍលើវិស័យយ៉ាងច្រើន ក្នុងន័យនេះដែរ លោកជំទាវបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហការល្អជាមួយនឹងអង្គការសប្រជាជាតិ ជាមួយនឹងអង្គការ UN ESCAPP ផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះអ្វីដែលលោកជំទាវ បានលើកឡើង ហើយក៏បានជម្រាបលោកជំទាវផងដែរថា ជាការពិតណាស់ មិនមានប្រទេសច្រើនទេ ដែលបង្កើតគណៈកម្មការជាតិ សម្រាប់ធ្វើការសម្របសម្រួលជាមួយ UN ESCAPP ហើយមិនតែប៉ុណ្ណោះ កម្ពុជាបានសហការយ៉ាងល្អជាទីបំផុតជាមួយនឹងភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជាអាទិ៍៖ ជារៀងរាល់ឆ្នាំ តែងតែមានកិច្ចប្រជុំរវាងភ្នាក់ងារ UN ទាំងអស់ជាមួយនាយករដ្ឋមន្រ្តី ហើយពេលនេះ មិនមែនជាកិច្ចប្រជុំទេ គឺបានលើកកម្ពស់ទៅជាវេទិកាតែម្ដង ហើយគោលដៅនៃវេទិការវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្ដេចតេជោនេះ គឺធ្វើយ៉ាងណា ជំរុញប្រសិទ្ធភាពការងារឲ្យបានកាន់តែខ្ពស់។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវផងដែរថា កម្ពុជា បានយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតជាមួយនឹងអង្គការសហប្រជាជាតិ មិនត្រឹមតែ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទេ ហើយក៏បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner