ក្រសួងមហាផ្ទៃបង្កើតក្រុមការងារតាមប្រមាញ់ផ្លាកលេខក្លែងក្លាយដើម្បីចាត់វិធានការច្បាប់
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះថា ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារចុះចល័តតាមប្រមាញ់រថយន្តពាក់ផ្លាកលេខខុស ឬក្លែងក្លាយដើម្បីចាត់វិធានការច្បាប់។
ឯកឧត្តម បានគូសបញ្ជាក់ថា ក្រុមការងារនឹងប្រើប្រាស់រថយន្តទំនើបចុងក្រោយបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុះចល័តថតស្កេនផ្លាកលេខខុស ឬក្លែងក្លាយនេះ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើសច្បាប់។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ៖ បន្តិចទៀតនេះគឺក្រុមការងារឡានដែលមានកាម៉េរ៉ានេះ គាត់ដើរទៅគាត់អត់ចាប់ភ្លាមទេ តែគាត់វិលជុំគាត់ កាម៉េរ៉ាវាវិលរហូត ចឹងវាចាប់ផ្លាកលេខតាមផ្លូវនឹង ឡានដែលពាក់ផ្លាកលេខណាក៏ដោយ បនតបន្ទាប់មកគេវាយតម្លៃ តើឡានមួយថ្ងៃរាប់ពាន់ឡាននឹង តើឡាននឹងពាក់ផ្លាកលេខនឹងត្រូវអត់ ចឹងជាបន្តបន្ទាប់ឧទាហរណ៍ឡាននឹងត្រូវពាក់ ឧទាហរណ៍ឡាន Toyota ពណ៌ក្រហម ប៉ុន្តែគាត់ទៅពាក់ Toyota ដែរ តែ កាមម៉េរី ពណ៌អីផ្សេងទៅ ចឹងអាណឹងវាលោតមកភ្លាម។
វិធានការនេះបានទទួលការស្វាគមន៍ពីមជ្ឈដ្ឋានទូទៅ។ ជាក់ស្តែង លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំនិងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា គាំទ្រការអនុវត្តបែបនេះ។ គាំទ្រក៏ដោយសារលោកបណ្ឌិតកត់សម្គាល់ឃើញថា បុគ្គលដែលជិះឡានពាក់ផ្លាកលេខក្លែងក្លាយ បានបន្លំធ្វើសកម្មភាពប្រព្រឹត្តបទល្មើស តែរកអត្តសញ្ញាណមិនឃើញឡើយ។ ប៉ុន្តែលោកបណ្ឌិត ឈត ប៊ុនថង ចង់ឃើញការអនុវត្តត្រូវមានតម្លាភាព។
ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ ឬផ្លាកលេខសម្គាល់យានជំនិះ ក្លែងក្លាយ ត្រូវផ្តន្ទាទោសពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមបញ្ញត្តិមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ដោយត្រូវប្រឈមទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល៕




សេង បារាំង AMS