គណៈប្រតិភូក្រសួងរ៉ែ និងថាមពល ចុះសួរសុខទុក្ខកងកម្លាំងនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោកពេជ្រនិល
ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកជំទាវ ជា ខេង ស៊ុយសែម ដែលជាសាម៉ីស្ថាប័នសម្ព័ន្ធមេត្រីភាពជាមួយនឹងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានអញ្ជើញសំណេះសំណាសសាកសួរសុខទុក្ខជាមួយសិក្ខាកាម ថ្នាក់ដឹកនាំមជ្ឈមណ្ឌល យោធាចារ្យ នាយ ពលទាហានក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៏ខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ពេជ្រនិល ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ផុន សុខុម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានឲ្យដឹងថា
មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពលតាំងពីឆ្នាំ២០១៥មក។ ជាក់ស្តែងកន្លងមក បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល តែងតែយកចិត្តទុក្ខដាក់គិតគូរ ផ្តល់ជូនមជ្ឈមណ្ឌលតាមតម្រូវជាក់ស្តែង និងបានជួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ ថវិកាគ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ រួមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងមជ្ឈមណ្ឌលជាអាទិ៍ ការតប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ធ្វើផ្ទះបណ្តែតទឹកភ្ជាប់ដោយម៉ូទ័ររុញបញ្ជូនទឹកចូលមជ្ឈមណ្ឌលបានសម្រួលការប្រើប្រាស់ទឹកប្រចាំថ្ងៃកាត់បន្ថយការលំបាកបានមួយកម្រិតធំ។ ក្រៅពីនេះ ក្រសួងបានធ្វើលូបង្ហៀរទឹក ជួសជុលអាងទឹកតូច ធំ ផ្តល់ធុងចម្រោះទឹកស្អាត និងផ្តល់ថវិកាជួសជុលទំនប់ទឹកក្នុងប្រព័ន្ធមជ្ឈមណ្ឌលជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រី បុគ្គលិក ស្ថាប័ន ក្រសួងរ៉ែ និងថាមពល ដែលបានខិតខំដោះស្រាយចំទិសដៅ និងសំណូមពររបស់មជ្ឈមណ្ឌលយើងខ្ញុំ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រៀបការពារជាតិ និងការកសាងរឹងមាំកងយោធពលខេមរភូមិន្ទ និងការរីកកចម្រើនរបស់មជ្ឈមណ្ឌលជាលំដាប់។
អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ឌិត ឌីណា បាននាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង ស៊ុយសែម ជូនចំពោះនាយ ពលទាហានទាំងអស់ចំណុះមជ្ឈមណ្ឌលកងទ័ពជើងគោក ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ សូមទទួលបានសេចក្តីសុខ និងមានសុខភាពល្អ។ ឯកឧត្តមបានបន្តថា មកដល់ឆ្នាំ២០១៩នេះ
ចាប់តាំងការប្រកាសចងសម្ព័ន្ធមេត្រីភាពជាមួយមជ្ឈមណ្ឌលកងទ័ពជើងគោក មានរយៈពេលគម្រប់ ៤ឆ្នាំហើយ។ ក្រសួងរ៉ែ និងថាមពល បានយកចិត្តទុក្ខដាក់ខិតខំបំពេញតួនាទី ភារកិច្ចសម្ព័ន្ធមេត្រីភាពស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីផ្សារភ្ជាប់សមូរភូមិមុខ និងសមូរភូមិក្រោយ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
ឯកឧត្តម ឌិត ឌីណា បានបន្ថែមទៀតថា ចំពោះគោលដៅ គោលបំណងរបស់ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវអាទិភាពធំៗជាជាច្រើនដើម្បីជាដំណោះស្រាយផ្គត់ផ្គង់ដល់មជ្ឈមណ្ឌល និងឆ្លើយតបតាមតម្រូវការក្នុងគោលដៅអាទិភាពចក្ខុវិស័យវែងឆ្ងាយ ពោលគឺយើងត្រូវគិតគូរក្នុង
ការកសាងរបស់យើងបានផ្តល់ផលប្រយោជន៍យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម បានបន្តថា ជាភ័ព្វសំណាង យើងបានរស់នៅក្រោមពន្លឺនៃសន្តិភាព ហើយសន្តិភាពយើងបានមក
ដោយការលំបាក ដូចនេះយើងត្រូវនាំគ្នាការពារ រក្សាឲ្យបានដាច់ខាត ដោយមិនឲ្យជនណាបំផ្លាញបានឡើយ។
ចំពោះសំណូមពរ និងសំណើរបស់មជ្ឈមណ្ឌលដូជា ការស្នើសុំកសាងផ្លូវគ្រួសក្រហម
មួយខ្សែទៅកាន់អូកោះមាន់ ប្រវែង៥០០០ម៉ែត្រ និងសំណើសុំជីកស្រះស្តុបទឹកមួយនៅតំបន់ហ្វឹកហ្វឺន
វាលស្រងាំ ទំហំ ៥០ម x ១០០ម ជំរៅ ៤ម៉ែត្រ ឯកឧត្តមបានស្នើជំនាញដែលមានលោកឧកញ៉ា អ៊ុត សុធី ចុះសិក្សាតួចំណាយថវិកាជាក់ស្តែងសហការជាមួយជំនាញដើម្បីផ្តល់ជូនសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ បងប្អូន គ្រួសារកងទ័ពក្នុងមជ្ឈមណ្ឌល។ ចំពោះសំណើសុំថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ដើម្បីចាក់ដីបន្ថែមលើខ្នងទំនប់ចាស់ និងថវិកា៣ពាន់ដុល្លារទៀត ក្នុងការចំណាយលើគ្រឿងបំពាក់ក្នុងសាលប្រជុំ ឯកឧត្តមបានផ្តល់ជូនតាមសំណើ។
ឯកឧត្តម ឌិត ឌីណា ក៏បានផ្តាំផ្ញើឯកឧត្តមនាយក នាយករង យោធាចារ្យ នាយ ពលទាហានគ្រប់ថ្នាក់នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បន្តម្ចាស់ការកសាងអង្គភាពហ្វឹកហ្វឺន បន្តយកចិត្តទុក្ខដាក់ជាប់ជាប្រចាំបំពាក់បំប៉ន និងជំរុញការងារអប់ចិត្តសាស្ត្រដល់កងទ័ពឲ្យយលពីតួនាទី ភារកិច្ចការពារជាតិ ច្បាប់វិន័យ ខភម និងបទបញ្ជាថ្នាក់លើប្រគល់ជូន។ នៅក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភជូនមជ្ឈមណ្ឌលថវិកាចំនួន៥លានរៀល ជូនបងប្អូនកងទ័ពចំនួន២០៦នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល។ ឯកឧត្តមបានចុះពិនិត្យមើលទីតាំងមួយចំនួនក្នុងមជ្ឈមណ្ឌលរួមមាន៖ តំបន់អាងស្តុកទឹកតំបន់អូរកោះមាន់ តំបន់ហ្វឹកហ្វឺនវាលស្រងាំ ទីតាំងក្រោលគោ និងអគារស្នាក់នៅកងទ័ពផងដែរ៕ធ.ដ