តុលាការកំពូលលើកពេលកាត់ទោសមេខ្លោងផលិតគ្រឿងញៀន ឈ្មោះ ឡាំ សុខខេង

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាជំនុំជម្រុះតុលាការកំពូល ដែលមានសមាសភាពចៅក្រម៩រូប នឹងបើកសវនាការលើកទី២ ដើម្បីកាត់ទោសមេខ្លោងផលិតគ្រឿងញៀនដ៏ល្បីម្នាក់ ឈ្មោះ ឡាំ សុខខេង ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានឆ្នាំ២០០៧។

ប្រភពព័ត៌មានពីតុលាការកំពូល បានឲ្យដឹងថា សវនាការនេះ ត្រូវលើកពេលដោយមិនកំណត់ទៅវិញ ដោយសារខាងពន្ធនាគារមិនទទួលបានដីកាបង្គាប់ឲ្យនាំជនត្រូវចោទមកតុលាការ។ រឿងក្ដី ឡាំ សុខខេង ឡាំ គឹមលាង និងបក្ខពួក ត្រូវបានតុលាការកំពូលកាត់ទោសម្ដងរួចមកហើយ តែជនត្រូវចោទកើតទុក្ខមិនសុខចិត្ត ទើបឲ្យមេធាវីរបស់គេប្ដឹងសារទុក្ខ ទើបការកាត់ទោសលើកទី២ ត្រូវមានចៅក្រម៩រូប ដើម្បីបើកសវនាការ។

សូមរំលឹកថា តាំងពីឆ្នាំ២០០៧-២០០៨ តុលាការថ្នាក់ក្រោម បានកាត់ទោស និងផ្ដន្ទាទោសឈ្មោះ ឡាំ គឹមលាង ឈ្មោះ ឡាំ សុខខេង ដាក់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែឧក្រិដ្ឋជនគ្រឿងញៀននេះមិនសុខចិត្ត ទើបប្ដឹងឡើងសាលាឧទ្ធរណ៍ និងតុលាការជាបន្តបន្ទាប់ទៀត។ ជនត្រូវចោទឈ្មោះ ឡាំ សុខខេង អាយុ៥១ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧ ឈ្មោះ ម៉ៅ សុគុណ (ហៅជ្រូក) ភេទប្រុស អាយុ៣៦ឆ្នាំ ចាប់ខ្លួនបាន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០០៧ ឈ្មោះ គឹម ហាន ភេទប្រុស អាយុ៣៩ឆ្នាំ ឈ្មោះ ញឺម សំបូរ (ហៅហីម) (ហៅខ្មៅ) ភេទប្រុស អាយុ២៥ឆ្នាំ ចាប់ខ្លួនបាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ និងឈ្មោះ គ្រុយ សេងឡេង ភេទប្រុស អាយុ៥៤ឆ្នាំ ចាប់ខ្លួនបាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨។

ក្រៅពីពាក់ព័ន្ធការផលិតគ្រឿងញៀន ក្រុមឧក្រិដ្ឋជនចាប់ជម្រិតខាងលើ គឺជាសមាជិកក្រុមឧក្រិដ្ឋជន ស្ថិតនៅក្នុងក្រុមរបស់ឈ្មោះ សោម ណារ៉ា (ហៅ អារ៉ាស្មាច់) ដែលជាមេក្លោងធំ ល្បីឈ្មោះនៅក្នុងឆ្នាំ១៩៩៨-១៩៩៩ ដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្រ្កាបបាញ់សម្លាប់កន្លងមក ហើយលុះដល់ឆ្នាំ២០០៧ ឈ្មោះ ឡាំ គីម លាង (ហៅ ឡាយ សេង)នេះ ក៏បានទៅរកស៊ីផលិត និងជួញដូរគ្រឿងញៀន ជាមួយមេក្លោងឈ្មោះ ឡាំ សុខខេង (ដែលត្រូវជាក្មួយ របស់ឈ្មោះឡាំ គីមលាង) ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន និងដកហូតវត្ថុតាងពាក់ពន្ធការផលិតគ្រឿងញៀនជាច្រើន ជាពិសេស ម៉ាស៊ីនផលិតគ្រឿងញៀនដ៏ទំនើប បើតាមការវាយតម្លៃពីមន្រ្តី នៃមន្ទីរគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ម៉ាស៊ីននេះផលិតថ្នាំញៀនក្នុងមួយម៉ោងជាង១ម៉ឺនគ្រាប់ឯណោះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner