មនុស្សរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារបញ្ហាផ្សែងអព្ទនៅប្រទេសថៃ និងវៀតណាម
ថៃ៖ ការិយាល័យសន្តិសុខសុខភាពជាតិថៃ បានឱ្យដឹងថា ប្រជាជនជាង៨,៥០០នាក់នៅប្រទេសថៃខាងជើង បានស្វះស្វែងរកការព្យាបាលជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើមចាប់តាំងពីខែមករា ខណៈចាប់តាំងពីខែកុម្ភៈ កំណកធូលីតូចល្អិតហៅថាPM2.5 នៅក្នុងខ្យល់អាកាសនៅតាមបណ្តាខេត្តខាងជើង បានកើនឡើងហួសពីកម្រិតសុវត្ថិភាពដែលកំណត់ដោយអង្គការសុខភាពពិភពលោក។
មួយរយៈពេលចុងក្រោយនេះ កម្រិត PM2.5 នៅខេត្តឈៀងម៉ៃ បានឡើងដល់៤៩២,៥៧មីក្រូក្រាមក្នុងខ្យល់មួយមែត្រត្រីគុណ គឺលើសកម្រិតសុវត្ថិភាពដល់ទៅ១០ដងដែលកំណត់ដោយថៃ និងលើស២០ដងពីកម្រិតកំណត់ដោយអង្គការសុខភាពពិភពលោក។ ការដុតស្មៅដុតព្រៃដើម្បីធ្វើកសិកម្មនៅរដូវប្រាំង ជាមូលហេតុចម្បងសម្រាប់ខ្យល់អាកាសអាក្រក់នៅភាគខាងជើងប្រទេសថៃនេះ តែផ្សែងអព្ទកាន់តែធ្វើឲ្យអាក្រក់ឡើង ដោយសារការពង្រីកឧស្សាហកម្ម និងកំណើនយានយន្តនៅតាមដងផ្លូវ។
ដោយឡែកទីក្រុងហាណូយ របស់វៀតណាម ក៏ត្រូវបានចាត់ថ្នាក់ជាទីក្រុងមានផ្សែងបំពុលបរិយាកាសបំផុតលំដាប់ទី២នៅអាស៊ីអាគ្នេយ៍ផងដែរ ហើយបើតាមសារព័ត៌មានវៀតណាមនោះ មានមនុស្សជាង៦ម៉ឺននាក់បានស្លាប់ ដោយសារតែជំងឺស្ត្រូក ជំងឺបេះដូង មហារីកសួត និងជំងឺផ្សេងទៀត ដែលសុទ្ធតែពាក់ព័ន្ធនឹងខ្យល់អាកាសកខ្វក់កាលពីឆ្នាំ២០១៦៕ធ.ដ