ឯកឧត្តម យឹម ប៊ុនឡុង ជិះកង់នាំអំណោយទៅចែកជូនសិស្សានុសិស្សនៅ សាលាបឋមសិក្សា ឱម សុផាត់
តាកែវ៖ ដោយសារមានអនុស្សាវរីយ៍ និងដឹងគុណដល់លោកគ្រូ អ្នកគ្រូផងនោះ ឯកឧត្ដម យឹម ប៊ុន ឡុង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារលោក សុខ យ៉ាន់ លោក សុខ វាសនា បានសម្រេចចិត្តជិះកង់ពីក្រុងភ្នំពេញ នាំអំណោយមានសម្ភារសិក្សា និងនំចំណី ព្រមទាំងថវិកា កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០១៩នេះ ទៅចែកជូនសិស្សនៅសាលាបឋមសិក្សា ឱម សុផាត់ ស្ថិតនៅក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តម យឹម ប៊ុនឡុង បានមានប្រសាសន៍ថា ក្នុងនាមឯកឧត្តម មានអនុស្សាវរីយ៍ធ្លាប់បានរៀនសូត្រ ដែលមិនអាចបំភ្លេចបាននៅក្នុងសាលានេះ ព្រមទាំងត្រូវដឹងគុណដល់លោកគ្រូ អ្នកគ្រូផងនោះ ឯកឧត្ដម និងក្រុមការងារបានសម្រេចចិត្តជិះកង់ពីភ្នំពេញនាំអំណោយមកចែកជូនដល់សិស្សានុសិស្សជំនាន់ក្រោយ ដើម្បីកាត់បន្ថយនូវការចំណាយដល់សិស្សនៅក្នុងសាលានេះ បានមួយចំនួនតូចផងដែរ។
លោកនាយកសាលាបឋមសិក្សា ឱម សុផាត់ និងលោកគ្រូអ្នកគ្រូ បានបន្ថែមទៀត អមដោយសេចក្ដីអរគុណដល់ឯកឧត្ដម ដែលបានយកចិត្តទុកដាក់ឧស្សានាំជាអំណោយ ចុះជួយដល់សិស្សនៅក្នុងសាលានេះជាញឹកញាប់ណាស់មកហើយ ដែលឯកឧត្ដមបាននាំជាអំណោយរួមមានសៀវភៅ៥ក្បាល ប៊ិក៥ដើម នំប៉័ង ទឹកអូតាឆិះ ព្រមទាំងថវិកា៤ពាន់រៀលថែមទៀតផង។ ជាមួយគ្នានេះដែរ សិស្សានុសិស្សបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្ដម និងក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ រួមនឹងបានចំណាយថវិកាផ្ទាល់ខ្លួនចែកជូនដល់ពួកគេបានជាច្រើនដង៕ធ.ដ
ដោយៈ ខាត់ សុខឿន