សហភាពអឺរ៉ុបផ្តល់ជំនួយ ១,៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា
សហភាពអឺរ៉ុបផ្តល់ជំនួយឥតសំណងចំនួន ១លាន ៨សែនដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននៅនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។
សហភាពអឺរ៉ុបបានអនុម័តផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១លាន ៨សែនដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាព CMAC សហការជាមួយអង្គការ APOPO សម្រាប់រយ:ពេល១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។
ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំតំបន់ ដឹកនាំដោយលោក Andreas Roettger ប្រធានក្រុមការងារគោលនយោបាយការបរទេស (FPI) នៅសារមន្ទីរតេជោសន្តិភាព ក្នុងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦។
អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គម្រោងនេះត្រូវប្រតិបតិ្តការនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ។ ជំនួយនេះនឹងត្រូវប្រើប្រាស់សម្រាប់បោសសម្អាតផ្ទៃរងផលប៉ះពាល់ប្រមាណជាង ៦ពាន់ហិកតា ការអប់រំពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងការងារស្រាវជ្រាវព័ត៌មានកាត់ផ្ទៃដីរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌ”។
ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណចំពោះការកោតសរសើរ និងការគាំទ្ររបស់សហភាពអឺរ៉ុប និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គភាព CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយAPOPO និងសហគមន៍អឺរ៉ប ដើម្បីកម្ចាត់ភាពគំរាមកំហែងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម កសាងក្តីសង្ឃឹម និងអនាគតរុងរឿងសម្រាប់ប្រជាជនខ្មែរ៕
ដោយ៖ម៉ាដេប៉ូ



