ណាហ្គាវើលដ៏ ទទួលបាន៣ពិន្ទុនៅសប្តាហ៍ទី៣ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្រោយយកឈ្នះអគ្គស្នងការដ្ឋានគរបាលជាតិ ៦-០
ក្រុមណាហ្គាវើលដ៏ ៦:០ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី៣ កាលពីល្ងាចថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្តាតចាស់ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩។
៦គ្រាប់ជ័យជម្នះរបស់ក្រុមការពារម្ចាស់តំណែងជើងឯករដូវកាល២០១៨ ណាហ្គាវើលដ៏ ធ្វើសម្រេច បាន២គ្រាប់ ដោយកីឡាករ Gurbani Amir នៅនាទីទី២ និងនាទី៧០, កីឡាករ Omogba នៅនាទី៦៣, កីឡាករ Kipson នៅនាទី៦៨ ខណៈកីឡាករ គួច ដានី រកបាននៅ នាទី៧៧ និងកីឡាករ ញឹម សុវណ្ណារ៉ា ធ្វើសម្រេចបានគ្រាប់ទី៦ នៅនាទី៨៧។
ជាមួយនឹងជ័យជម្នះនេះ បានធ្វើ៣ប្រកួតរបស់ណាហ្គាវើលដ៏ មាន៦ពិន្ទុ ឈ្នះ២ប្រកួត និងចាញ់១ប្រកួត ខណៈ៣ប្រកួតរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ១ប្រកួត និងចាញ់២ប្រកួតមាន៣ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយ រៀងបន្តគ្រប់គ្រងលើកំពូលតារាងដដែល បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរបស់ខ្លួន គីរីវង់សុខ សែនជ័យ ដោយលទ្ធផល ២:០ ដោយ៣ប្រកួតរបស់ព្រះខ័ន រាជស្វាយរៀង ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ស្របពេលក្រុមប្រដេញពិន្ទុលើកំពូលតារាង លេខ២ និងលេខ៣ ដែលក្រសួងការពារជាតិ និងក្រុមវិសាខា ឆ្លងកាត់៣ប្រកួត ឈ្នះ២ប្រកួត និងស្មើ១ប្រកួត មាន៧ពិន្ទុដូចៗគ្នា។
ចំពោះលទ្ធផលផ្សេងៗទៀត នាជំនួបសប្តាហ៍ទី៣ដូចគ្នានេះដែរ គឺក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ១:៣ ក្រុមវិសាខា ដោយលទ្ធផល, អង្គរថាយហ្គឺរ ១:១ ក្រុមបឹងកេត ។ ដោយឡែក ៣ប្រកួត កាលពី ល្ងាចថ្ងៃសៅរ៍ គឺក្រុមអាស៊ីអឺរ៉ុបយូណាយធីត ២:១ សូលទីឡូអង្គរ ស្របពេលដែលម្ចាស់ផ្ទះ អគ្គិសនី កម្ពុជា ២:០ ក្រុមយុវជនបាទី១៨ឆ្នាំ រីឯក្រសួងការពារជាតិ ១១:០ ក្រុមខេត្តកំពង់ចាម៕ធ.ដ