ផ្ញើរថយន្តឲ្យគេជួយលក់មិនទាន់បានលុយផង ស្រាប់តែឃើញរថយន្តនៅម្ចាស់ថ្មី ឃាត់ប្រគល់ឲ្យសម្ថកិច្ច

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX300 ត្រូវបានម្ចាស់ដើមប្រទះឃើញបុរសម្នាក់ទៀត ជាម្ចាស់ថ្មី កំពុងតែបើកបរ រួចក៏ស្ទាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីម្ចាស់ដើមបានប្រគល់រថយន្តទៅឲ្យ បុរសអតីតម្ចាស់ឃ្លាំងយីហោ ណុប ធានី រហូតបាត់ដំណឹងអស់រយៈពេលជាច្រើនថ្ងៃ។ ហេតុការណ៍ នេះ បានបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅខាង ជើងស្តុបផ្សារដីហុយ ផ្លូវហាណូយ ខណ្ឌសែនសុខ។

រថយន្ត ខាងលើម៉ាកឡិចស៊ីស RX300 ពណ៌ស ផ្លាកលេខភ្នំពេញ 2AT-5457។ រីឯជនរងគ្រោះ ទី១ជាម្ចាស់ដើមឈ្មោះ សុខ សារិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅផ្ទះ លេខ០២ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកឯជនឆបោករថយន្ត មាន ឈ្មោះ ណុប ធានី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអតីតម្ចាស់ឃ្លាំងលក់រថយន្ត យីហោ ណុប  ធានី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ 

បើតាមសម្តីជនរងគ្រោះ ជាម្ចាស់ដើមរថយន្តបានរៀបរាប់ឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៨ គាត់ បានទិញ រថយន្តខាងលើពីឃ្លាំងយីហោ ណុប ធានី ក្នុងតម្លៃ១៧៦០០ដុល្លារ។ ពេលនោះដោយ ជនឆបោកជាម្ចាស់ឃ្លាំង បានប្រាប់មកគាត់ថា បើពេលណាដែលចង់លក់រថយន្តវិញ អាចទាក់ទងមក រូបគេវិញបាន។ អស់រយៈពេលប្រហែលមួយឆ្នាំ គាត់ក៏ចង់លក់រថយន្តខាងលើ ក៏ទាក់ទងទៅជនឆបោកខាងលើ ដើម្បីឲ្យជួយលក់រថយន្តឲ្យ។

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ជនឆបោកខាងលើ ក៏បានទូរសព្ទ មករូបគាត់ឲ្យយករថយន្តរបស់គាត់ ទៅលាងសំអាតឲ្យស្អាត រួចបានប្រើឲ្យបុរសម្នាក់ទៀត ជាបក្ខពួក ឈ្មោះ កុយ ខាង មកយករថយន្តពីគាត់ ដោយប្រាប់ថា យកទៅប៉ូលា ទើប លក់បានថ្លៃ  រួចគាត់ក៏ព្រមប្រគល់រថយន្តឲ្យ។ រហូតដល់ថ្ងៃ ទី២៣ ខែមីនា កន្លងផុត ទៅជន ឆបោក ខាងលើ ក៏បានទូរស័ព្ទមករក គាត់ដោយប្រើបុរសឈ្មោះ កុយ ខាង ឲ្យមកយកកាតគ្រី រថយន្ត និងអត្តសញ្ញាណបណ្ណហ្វូតូរបស់គាត់ និងប្រាប់ថា លុយលក់រថយន្តចំនួន១៨៤៥០ដុល្លារូបគេនឹងយកទៅប្រគល់ឲ្យប្រហែល៤ទៅ៥ថ្ងៃទៀត។

លុះដល់ថ្ងៃកំណត់ ដែលជនឆបោកខាងលើ បាន សន្យាថា នឹងយកលុយមកឲ្យ ប៉ុន្តែបែរជាមិនឃើញ ពេលនោះគាត់ ក៏ទូរស័ព្ទ ទៅលេខរបស់ជនឆបោកខាងលើ ជាច្រើនដងតែ មិនអាចទាក់ទងបាន។ គាត់ក៏ប្រញាប់ទៅផ្ទះរបស់ជនឆបោកខាងលេី  ប៉ុន្តែ បានជួបតែប្រពន្ធ ហើយស្ត្រីជាប្រពន្ធនោះបានប្រាប់ថា ពួកគេទាំងពីរ បានលែងលះគ្នាហើយ  ទើបគាត់សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចតែ។ លុះរហូតដល់ថ្ងៃកើតហេតុ ប្អូនប្រុសរបស់គាត់ម្នាក់បាន ប្រទះឃើញរថយន្តគាត់ ត្រូវបុរសម្នាក់ផ្សេងទៀត កំពុងបើកបរតាមបណ្ដោយហាណូយ។ ពេលដែល ប្អូនប្រុសរបស់គាត់កំពុងឈរលក់សាច់អាំងនៅក្បែរនោះ ក៏បានស្ទុះទៅស្ទាក់ឃាត់រថយន្តខាងលើតែម្តង។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនឆបោកខាងលើ បានយករថយន្តពី ជនរងគ្រោះ រួចបានលក់រថយន្តនោះទៅឲ្យបុរសម្នាក់ឈ្មោះ ផាត សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ  ជាអ្នកទិញលក់រថយន្ត និងធ្លាប់ស្គាល់រកស៊ីទិញលក់រថយន្តជាមួយនឹងជនឆបោកខាងលើ ប៉ុន្តែមិនបាន បញ្ជាក់ថា លក់ក្នុងតម្លៃប៉ុន្មាននោះទេ ហើយជនឆបោកក៏បានគេចខ្លួនបាត់។

បន្ទាប់មក បុរស ឈ្មោះ ផាត  សារ៉ាត់  ក៏បានលក់រថយន្តនេះបន្តទៅឲ្យបុរសម្នាក់ទៀតឈ្មោះ ឈាន សុផាត  អាយុ៣៩ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ ដោយមានភ្ជាប់ជាមួយឯកសារ កាតគ្រី របស់ រថយន្ត ត្រឹមត្រូវក្នុងតម្លៃ១៨៤៥០ដុល្លារ។ ពេលដែលបុរសចុងក្រោយ ដែលទិញរថយន្ត ជិះទើបតែបាន៥ថ្ងៃ  ក៏ត្រូវបានជនរងគ្រោះជាម្ចាស់ដើម ប្រទះឃើញ រួចក៏ស្ទាក់ឃាត់តែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បាននាំរថយន្តខាងលើ រួមទាំងម្ចាស់ដើម និង ម្ចាស់ថ្មី ទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី ដើម្បីធ្វើការដោះស្រាយគ្នា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner