គិតពីការចំណាយតាំងពីលើកទី១ ដល់លើកទី២២នេះ ក្រុមហ៊ុន OCIC ចំណាយអស់ទឹកប្រាក់សរុប៥៩០លានរៀល ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅ ក្នុងបុរីរុងរឿង
ភ្នំពេញ៖ អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរស់នៅក្នុងបុរីរុងរឿង បើគិតពីការចំណាយតាំងពីលើកទី១ ដល់លើកទី២២នេះ បានចំណាយអស់ទឹកប្រាក់សរុបមានចំនួនប្រមាណ៥៩០លានរៀល។ របាយការណ៍ខាងលើនេះ ត្រូវបានបង្ហាញនៅក្នុងឱកាសដែលអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC អញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ហើយស្ម័គ្រចិត្តចូលមករស់នៅក្នុងបុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។
អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុនបានធ្វើការចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តរស់នៅក្នុងបុរីរុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ បានចំនួន២១លើករួចមកហើយ ហើយនេះក៏ជាលើកទី២២។ អ្នកឧកញ៉ាបន្តថា កត្តាទាំងអស់ខាងលើនេះហើយ ទើបជំរុញឲ្យប្រជាពលរដ្ឋយល់ព្រមទទួលយកនូវគោលនយោបាយដោះដូរផ្ទះ ជាមួយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនពីផ្ទះតូចធ្វើអំពីឈើប្រក់ស័ង្កសី មកជាផ្ទះថ្មធ្វើអំពីឥដ្ឋបេតុងវិញ ហើយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាប់ទីប្រជុំជន និងមានផ្សារសម្រាប់ប្រកបរបររកស៊ីចិញ្ចឹមជីវិត។ លើសពីនេះទៀត តម្លៃទីផ្សារអចលនទ្រព្យរបស់ពួកគាត់មានការកើនឡើងខ្ពស់ បន្ទាប់ពីគម្រោងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារថ្មីនេះ លេចចេញជារូបរាងឡើង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនេះ កាលពីមុនពួកគាត់រស់នៅផ្ទះតូចៗ ធ្វើអំពីឈើប្រក់ស័ង្កសី ឬប្រក់ស្បូវនៅឡើយ មិនតែប៉ុណ្ណោះពួកគាត់រស់នៅជួបការលំបាកយ៉ាងខ្លាំងដូចជា៖ គ្មានទឹកស្អាតប្រើប្រាស់ គ្មានភ្លើងអគ្គិសនី រស់នៅលើទឹកកខ្វក់ បរិស្ថានមិនល្អ ងាយរងគ្រោះជាដើម ។ ប៉ុន្តែក្រោយពីតំបន់ជ្រោយចង្វារនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC ) ដើម្បីធ្វើការអភិវឌ្ឍតំបន់នេះ ឲ្យទៅជាទីក្រុងរណបថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញឃើញថា តំបន់នេះ ត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មី ស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ៕ម.ន