សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ ជាបេសកកម្មយុទ្ធសាស្ត្រសំខាន់ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសមធម៌
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ការកែទម្រង់វិស័យយុត្តិធម៌ គឺជាបេសកកម្ម យុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពចម្បងក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងធានាឱ្យប្រជាពលរដ្ឋគ្រប់ រូបទទួលបាន យុត្តិធម៌ប្រកបដោយសមធម៌។
ការថ្លែងនេះបានធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» កាលពីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា រដ្ឋសភា និងក្រសួងយុត្តិធម៌ ដោយមានអ្នកចូលរួមសរុបជាង ៣០០នាក់។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗនៃកំណែទម្រង់នេះរួមមាន៖ការកែលម្អក្របខ័ណ្ឌច្បាប់ ពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស និងធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ឱ្យឆ្លើយតបនឹងការវិវត្តនៃសង្គម ស្របតាមស្តង់ដាយុត្តិធម៌ទំនើប។ វិស័យយុត្តិធម៌ជាយន្តការការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ធានាការអនុវត្តច្បាប់ដោយស្មើភាព ដោះស្រាយវិវាទ រក្សាសណ្តាប់ធ្នាប់សង្គម និងពង្រឹងស្ថិរភាពសន្តិភាពប្រកបដោយចីរភាព។ទន្ទឹមនេះ អង្គនីតិប្បញ្ញត្តិបំពេញមុខងារស្នូលក្នុងការគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការបង្កើត និងធ្វើទំនើបកម្មច្បាប់ឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យមានវេទិកាបែបនេះបន្តទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ។ សម្ដេចចាត់ទុកវេទិកាអន្តរស្ថាប័ននេះ ជាយន្តការមួយដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យការអនុវត្តច្បាប់ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍នីតិរដ្ឋ និងជាពិសេស ការពង្រឹងការគោរព ការការពារ និងការលើកកម្ពស់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ























