បំពង់បង្ហូរឧស្ម័ន ថៃ នៅប្លុកក្រុមបះបោរឈប់ដំណើរការ ទំនងជាលែងមានសុវត្ថិភាព
បាងកក ៖ ក្រុមហ៊ុន TTM Thailand ដែលជាសហគ្រាសបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន PTT របស់ថៃ និង ក្រុមហ៊ុនថាមពលរដ្ឋម៉ាឡេស៊ី Petronas បានឈប់ដំណើរការជាបណ្តោះអាសន្ន នូវបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline បន្ទាប់ពីបានរកឃើញថា មិនមានសុវត្ថិភាព ។
ការរកឃើញនេះកើតមានឡើង ក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំលើបំពង់បង្ហូរឧស្ម័ន Songkhla Export Pipeline ដែលមានទីតាំងស្ថិតនៅខេត្ត សុងក្លា និងជាតំបន់មានក្រុមបះបោររបស់ប្រទេសថៃ ។
ក្រុមហ៊ុន Petronas បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្អាកដំណើរការនេះគឺជាវិធានការបង្ការ ដើម្បីការពារសុវត្ថិភាព និងភាពរឹងមាំនៃបំពង់បង្ហូរឧស្ម័ន ព្រមទាំងធានាឱ្យបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព ។
ក្រុមហ៊ុនបន្តថា បំពង់បង្ហូរឧស្ម័ននេះនឹងចាប់ផ្តើមដំណើរការឡើងវិញ លុះត្រាតែមានការបញ្ជាក់ថាវាមានសុវត្ថិភាព ។ ប៉ុន្តែក្រុមហ៊ុនទទួលស្គាល់ថា ការរំខាននេះអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នជូនអតិថិជនទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ។
យ៉ាងណាមិនមានការបញ្ជាក់អំពីពេលវេលាជាក់លាក់ សម្រាប់ការចាប់ផ្តើមដំណើរការបំពង់បង្ហូរឡើងវិញនោះទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា បណ្តាញផ្គត់ផ្គង់ដែលបានតភ្ជាប់គ្នារួចហើយនោះ នឹងជួយរក្សាការផ្គត់ផ្គង់ឧស្ម័ន ខណៈក្រុមហ៊ុនក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងអតិថិជនរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពនៃបំពង់បង្ហូរឧស្ម័នមួយនេះផងដែរ ។
បើតាម CNA, បំពង់បង្ហូរឧស្ម័ននៅខេត្តសុងក្លាមួយនេះ គឺជាផ្នែកមួយនៃប្រព័ន្ធឧស្ម័នរបស់ក្រុមហ៊ុន TTM ដែលតភ្ជាប់ការផលិតឧស្ម័ននៅតំបន់ឈូងសមុទ្រថៃ ទៅកាន់កន្លែងកែច្នៃ និងទីផ្សារឧស្ម័ននៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ៕
ប្រភព ៖ CNA_businesstoday, ប្រែសម្រួល ៖ សារ៉ាត