សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» បង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនេះ ជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរបានស្គាល់ពីសាវតារនៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្មែរ ហើយអគារសារមន្ទីរជាអគារដែលស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធាជាដើម។ ជាមួយនឹងការជូនពរឆ្នាំថ្មី សម្ដេចតេជោ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នា កសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុដ៏មានសារៈសំខាន់មួយនេះឡើង។ សម្តេចថា នេះជាក្តីរីករាយបំផុតដែលកម្ពុជា មានសារមន្ទីរស្តីពីសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់ខ្លួន។
សម្តេចតេជោ បានរម្លឹកថា វត្តមានប្រាក់ដុល្លារកើតមានខ្លាំងបំផុតនៅកម្ពុជាក្នុងសម័យ UNTAC នាដើមទសវត្សរ៍ឆ្នាំ៩០។ UNTAC បានប្រើលុយប្រមាណ២ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា ដោយគ្មានការប្តូរជាប្រាក់រៀលនោះទេ។ សម្តេចតេជោថា នេះជាបទពិសោធន៍មួយសម្រាប់ប្រទេសដទៃទៀត ដែលមានវត្តមានកងកម្លាំងរក្សាសន្តិភាពត្រូវគិតគូរ។ សម្តេចបញ្ជាក់ថា កម្ពុជាប្តេជ្ញាចូលរួមរក្សាសន្តិភាពនៅប្រទេសដទៃ តែក៏មិនចង់ឱ្យប្រទេសទាំងនោះជួបរឿងប្រើក្រដាសប្រាក់ដុល្លារ យ៉ាងគំហុកដូចកម្ពុជាពីអតីតកាលនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានរបបណាដែលបំផ្លាញក្រដាសប្រាក់ចោលដូចរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយ ដូច្នេះការដោះដូរទំនិញរបស់កម្ពុជានៅក្រោយរបប ប៉ុល ពត ដួលរលំ គឺយកទំនិញ ទៅដោះដូរនឹងទំនិញ ឬយកអង្ករដូរទំនិញ ឬក៏ អ្នកមានមាសក៏ចាប់ផ្តើមកាត់មាស ដើម្បីដោះដូរទំនិញជាដើម។ សម្តេចតេជោ បានចាត់ទុកប្រវត្តិដ៏ឈឺចាប់របស់កម្ពុជានេះ គឺគ្មានប្រទេសណាធ្វើដូចនោះឡើយ។
សម្តេចតេជោ បន្តរម្លឹកថា ការបោះក្រដាសប្រាក់របស់កម្ពុជាឡើងវិញជាលើកដំបូង គឺបោះនៅទីមូស្គូប្រទេសរុស្ស៊ី ហើយលុះក្រោយមកទើបបោះនៅអាល្លឺម៉ង់ បារាំង។ បច្ចុប្បន្នកម្ពុជាបោះក្រដាសប្រាក់ដោយខ្លួនឯង មានម៉ាស៊ីនទំនើបៗ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ជាថ្មីទៀតមុនពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រីភាគី បានទាមទារឱ្យលុបចោលប្រាក់រៀល។ ឆ្លើយតបការទាមទារនេះសម្តេចបានស្តីបន្ទោស និងចង្អុលមុខ ខៀវ សំផន និងលោក សឺន សាន។ សម្តេចតេជោថា ជារឿងសោកស្តាយបំផុតដែលក្រុមត្រីភាគីនាពេលនោះទាមទារឱ្យលុបចោលប្រាក់រៀល។ សម្តេចតេជោរម្លឹកទៀតថា ប្រាក់រៀលរបស់កម្ពុជានាពេលបច្ចុប្បន្ន បានមានកំណើតជាថ្មីចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ មកដល់ពេលនេះមានអាយុ៣៩ឆ្នាំហើយ។
សម្តេចតេជោថា ពេលនេះប្រាក់រៀលយើងមានដំណើរការល្អ តែបើប្រាក់រៀលឡើងថ្លៃពេក ក៏មិនជាការល្អនោះដែរ ព្រោះកម្មករប្រមាណជា១លាននាក់ បើកប្រាក់ឈ្នួលជាប្រាក់ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យធានាគារជាតិគិតគូរទៅលើបញ្ហានេះផងដែរ។ សម្តេចតេជោថា ការដែលធានាគារមិនដើរតួនាទីជាអ្នកកាត់ក្តីលើអត្រាប្តូរប្រាក់ ដោយទុកឱ្យឯកជនជាអ្នកកាត់ក្តីនោះ គឺជារឿងល្អប្រសើរមួយ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ អ្នកវិនិយោគផងដែរ។ ជាមួយជោគជ័យប្រាក់រៀលខ្មែរ សម្តេចតេជោក៏បានណែនាំឱ្យលោក ជា ចាន់តូ រៀបចំពិធីអបអរសាទរខួប៤០ឆ្នាំ ថ្ងៃកំណើតធនាគារជាតិ ដើម្បីជាការអបអរសាទរដល់កំណើតរបស់ប្រាក់រៀល ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ផងដែរ។ សម្តេចក៏បានបន្តអំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សានូវមរតកប្រាក់រៀល និងប្រមែប្រមូលនូវប្រវត្តិសាវតានានាពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជា៕ម.ន