តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បន្តដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយទៀត ក្នុងខេត្តកណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាសហគមន៍
ខេត្តកណ្តាល៖ តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នាបន្តធ្វើការឆ្លើយតបនឹងការគ្រោះរាំងស្ងួតនៅកម្ពុជា តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១,០០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទឹកស្អាត គឺជាសមាសធាតុដ៏សំខាន់ ដែលនឹងរួមចំណែកធ្វើឲ្យសុខមាលភាពរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែមានភាពល្អប្រសើរឡើង ហើយសមានចិត្ត និងសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នានេះ លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់យើងមិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល៥ឆ្នាំ។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២ ដែលបានដំឡើងដោយក្រុមហ៊ុនកូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន១៦ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។ តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន៥ទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ១៦ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជាតាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង៤០,០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើង១,៥ ដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន៦បន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ ៕ម.ន