ឯកឧត្តម វង សូត និងលោកជំទាវ នាំយកថវិការបស់សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវទៅប្រគេនព្រះសង្ឃវត្តព្រះពន្លា

ថវិកាចំនួន៤០លានរៀល ដែលជាបច្ច័យដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ត្រូវបានឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ យកទៅប្រគេនដល់ចៅអធិការវត្តព្រះពន្លា ស្ថិតក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៧ មេសា ឆ្នាំ២០១៩។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម វង សូត បានគូសបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ គឺជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ក្នុងវិស័យព្រះពុទ្ធ សាសនា ដោយសម្តេច និងលោកជំទាវ រមែងចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងរាល់ សមិទ្ធផលសម្រាប់ព្រះពុទ្ធសាសនានៅតាមទីវត្តអារាមនានានៅទូទាំងប្រទេស។ ដោយឡែកថ្ងៃនេះ សម្តេច និងលោកជំទាវ បានចាត់ឱ្យឯកឧត្តមនាំយកបច្ច័យចំនួន៤០លានមកប្រគេនដល់វត្តព្រះពន្លា ដើម្បីរួមចំណែកដល់ការសាងសង់កុដិមួយខ្នងទំហំ១៥ គុណនឹង ៨ម៉ែត្រ។ ឯកឧត្តមថា វត្តព្រះពន្លា គឺជាវត្តមួយមានវ័យចំណាស់នៅក្នុងតំបន់នេះ ដោយបានកសាងឡើងក្នុងឆ្នាំ១៩៣៨ ហើយរហូតមកទល់ពេលនេះមានសមិទ្ធផលមួយចំនួន ត្រូវបានកសាងឡើងមាន ព្រះវិហារ និងឧបដ្ឋានសាលាជាដើម ទុកបម្រើដល់សេចក្តីត្រូវការចាំបាច់របស់ផ្នែកពុទ្ធចក្រ។

យកឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានប្រគេនពរដល់ព្រះសង្ឃជូនពរដល់គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងវិញទៀត សូមទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សាប្រទេសកម្ពុជាឱ្យបានបន្តស្ថិតនៅសុខសន្តិភាព និងការអភិវឌ្ឍតរៀងទៅ ដោយក្នុងឱកាសនេះ ឯកឧត្តម វង សូត បានលើកឡើងថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយថា ដើម្បីអាចសម្រេចបានគោលដៅនេះ កម្ពុជាត្រូវតែរក្សាឱ្យខាងតែបាននូវសុខសន្តិភាពដូចដែលយើងមានសព្វថ្ងៃនេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner