អ៊ីរ៉ង់ ផ្តើមផលិតមីស៊ីលហោះចម្ងាយលើស ២,០០០ គីឡូម៉ែត្រ អាចបាញ់ដល់ទឹកដី អឺរ៉ុប
វ៉ាស៊ីនតោន ៖ ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមផលិតមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយលើសពី ២,០០០ គីឡូម៉ែត្រ ដែលនេះជាការផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍមីស៊ីល ដែលខ្លួនធ្លាប់បានកំណត់ជាច្រើនទស្សវត្សរ៍មកហើយ ។
បើតាម Military Watch Magazine, ការបង្កើនចម្ងាយវាយប្រហារថ្មីនេះ ត្រូវបានអ្នកជំនាញជឿថា នឹងធ្វើឱ្យគោលដៅយោធាស្ទើរតែទូទាំងទ្វីបអឺរ៉ុប ស្ថិតនៅក្រោមការគំរាមកំហែងពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍមីស៊ីល អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Akramiya បានប្រាប់មូលហេតុថា ដោយសារតែសង្គ្រាមដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ទើបធ្វើឱ្យការពង្រីកចម្ងាយវាយប្រហាររបស់មីស៊ីល ក្លាយជាភាពចាំបាច់សម្រាប់អ៊ីរ៉ង់ ។
ការអះអាងនេះកើតឡើង ក្រោយមានរបាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលចម្ងាយឆ្ងាយចំនួន ២ គ្រាប់ ដើម្បីវាយប្រហារមូលដ្ឋានអាមេរិក-អង់គ្លេសនៅលើកោះ Diego Garcia កាលពីខែមីនា ឆ្នាំ២០២៦ ។
ការវាយប្រហារនោះ ត្រូវបានអ្នកជំនាញមើលឃើញថា អ៊ីរ៉ង់ទំនងជាកំពុងសាកល្បងសមត្ថភាពមីស៊ីលលើសពីចម្ងាយ ២,០០០ គីឡូម៉ែត្រ ខណៈកោះនេះស្ថិតនៅចម្ងាយជាង ៤,០០០ គីឡូម៉ែត្រ ពីភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។
ទន្ទឹមគ្នា អ្នកជំនាញបានព្រមានធ្ងន់ៗថា ប្រសិនបើអ៊ីរ៉ង់អាចអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៣,០០០ ទៅ ៤,០០០ គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ នោះទីក្រុងមួយចំនួននៅអឺរ៉ុបនឹងធ្លាក់ចូលក្នុងរង្វង់វាយប្រហារពីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ៕
ប្រភព ៖ Military Watch Magazine ប្រែសម្រួល ៖ ឈឹម ទីណា
