កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦
កម្ពុជា បានចំណាយថវិកាអស់ជាង ៣ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននាពេលថ្មីៗនេះ។
របាយការណ៍បង្ហាញថា ការនាំចូលប្រេងម៉ាស៊ូតមានទំហំទឹកប្រាក់ប្រមាណជាង ១ពាន់ ៤លានដុល្លារ កើនឡើងជាង ៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលប្រេងសាំងវិញមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ កើនឡើងជាង ៧៦ភាគរយ។
ដោយឡែក នៅរយៈពេលដដែលនេះ កម្ពុជាបានចំណាយថវិកាអស់ជាង ៣១៤លានដុល្លារ លើការនាំចូលឧស្ម័នសម្រាប់ដុត ដែលមានការកើនឡើងជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រៅពីនោះ កម្ពុជាក៏បាននាំចូលប្រេងរំអិល, ប្រេងកាត, ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ ផងដែរ។
ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាជិត ៥០០លានដុល្លារ ដើម្បីធ្វើអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ក្នុងគោលដៅជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋចំពោះមុខការឡើងថ្លៃប្រេង និងឧស្ម័ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះថា ការចំណាយខាងលើនេះមិនទាន់គិតពីការដោះស្រាយបញ្ហាផ្សេងៗទៀតនោះទេ។ សម្ដេចសង្កត់ធ្ងន់ថា បញ្ហាកើនឡើងតម្លៃប្រេង បើសិនជារដ្ឋមិនបញ្ចេញថវិកាទប់ ឬមួយក៏អនុគ្រោះផ្នែកពន្ធអាករបន្ថែមទេ តម្លៃអាចកើនឡើងលើសនេះចាប់ពី ៩ ទៅ ១០ភាគរយឯណោះ៕
ខន ណារី AMS