សម្តេចធិបតី ៖ អាមេរិក បានប្រាប់ភាគីថៃកុំឲ្យធ្វើសកម្មភាពវាតទីតាមព្រំដែនជាមួយកម្ពុជា
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ទៅភាគីថៃ កុំឲ្យបង្ករឿងនៅតាមព្រំដែន ហើយត្រូវដោះស្រាយគ្នាជាមួយកម្ពុជាដោយសន្តិវិធីតាមកិច្ចព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ ដែលលោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខា។ នេះជាការគូសបញ្ជាក់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី៧ តុលា ឆ្នាំ២០២៦។
សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា ៖ ៣ថ្ងៃមុនឧបការីទូតអាមេរិកបានមកជួបខ្ញុំ ជួបន្ទាន់ គាត់ថាឥឡូវ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយជាមួយថៃហើយ ថាសុំឲ្យថៃឈប់សកម្មភាពណាដែលបង្កើនកម្ដៅ ឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថាជាការវាតទីយកទឹកដីកម្ពុជា ហើយធ្វើម៉េចថែរក្សា អនុវត្ត KL Accord ដែលយើងបានចរ ចា ហើយ KL Accord បានបញ្ជាក់ច្បាស់ថា ត្រូវតែវាស់វែងតាមសន្ធិសញ្ញា តាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយប្រើយន្តការ JBC។
ទន្ទឹមគ្នានោះ សម្ដេចធិបតីក៏បានបញ្ជាក់ដែរថា ក្នុងជំនួបនោះ សហរដ្ឋអាមេរិកបានស្នើឲ្យកម្ពុជាបញ្ជាក់ថាខ្លួនមិនបានធ្វើសកម្មភាពនាំឲ្យមានការបង្កើនកម្ដៅនៅតាមព្រំដែនផងដែរ។ សម្ដេចធិបតីបញ្ជាក់ប្រាប់អាមេរិកវិញថា កម្ពុជាមិនបានបង្កសកម្មភាពបង្កើនកម្ដោះនៅតាមព្រំដែនជាមួយថៃឡើយ ហើយកម្ពុជាអត់ធ្មត់ណាស់ចំពោះបញ្ហានេះ។ ក្នុងនាមអាមេរិកដែលជួយឲ្យមានកិច្ចព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ សម្ដេចបានស្នើឲ្យអាមេរិកជួយជំរុញឲ្យមានការវាស់វែងព្រំដែនតាមយន្តការ JBC ឡើងវិញ។
សម្ដេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង GBC ថ្ងៃទី២៧ ធ្នូ ឆ្នាំមុន បានបញ្ជាក់ច្បាស់ថា ក្រុមការងារព្រំដែនចម្រុះ JBC ត្រូវបន្តការងារខណ្ឌសីមាឡើងវិញ។ បើមិនមានចំណុចនេះទេ កម្ពុជានឹងមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ មានរយៈពេលជាង ៩ខែហើយចាប់តាំងពីប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើបទឈប់បាញ់ ប៉ុន្តែមិនទាន់សកម្មភាពចុះវាស់វែង កំណត់ព្រំដែន តាមរយន្តការ JBC ត្រូវបានធ្វើឡើងនោះទេ ដោយសារប្រទេសថៃរកលេសបដិសេធសំណើរបស់កម្ពុជាជាបន្តបន្ទាប់។
សម្ដេចបានស្នើឲ្យប្រជាពលរដ្ឋមានការអត់ធ្មត់ចំពោះការដោះស្រាយនេះ មិនថាលើយន្តការដោះស្រាយដែនសមុទ្រឬដែនគោកទេ ព្រោះការដោះស្រាយតាមច្បាប់ និងការទូត ត្រូវការពេលវេលាយូរ ប៉ុន្តែវាអាចដោះស្រាយបញ្ហាចប់ គឺខុសពីការធ្វើសង្គ្រាម ដែលនឹងនាំទៅដល់ការប្រយុទ្ធគ្នាមិនចេះចប់ ដូចរុស្ស៊ីនិងអ៊ុយក្រែន ដែលមានរយៈពេល ៣ឆ្នាំមកហើយ៕
សេង បារាំង AMS

