ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់កន្លែងចំណតរថយន្ដក្រោមផ្សារស្ទឹងមានជ័យថ្មី កំពុងបើកលេងទាំងយប់ទាំងថ្ងៃ មិនឃើញអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី យ៉ាងធំមួយកន្លែងកំពុងទទួលស្វាគមន៍ក្រុមក្មេងទំនើងញៀនល្បែង ចូលលេងជាហូរហែទាំងយប់ទាំងថ្ងៃ ដែលមានទីតាំង ចំណតរថយន្ដក្រោមផ្សារស្ទឹងមានជ័យថ្មី  សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

បទបញ្ជារបស់ លោកស្នងការរាជធានីភ្នំពេញ ថ្មីប្រកាសក្ដែងៗថា លុបបំបាត់ឱ្យអស់នៅ ល្បែងស៊ីសងទាំង១២ ខណ្ឌហាក់សាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រី នៅ
ចំណតរថយន្ដក្រោមផ្សារស្ទឹងមានជ័យថ្មី កំពុងបើកលេងយ៉ាងរលូនមិនខ្លាចញញើត សង្ស័យ តែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយ លោកអភិបាល និងលោកអធិការខណ្ឌមានជ័យហើយមើលទៅ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះលោក ស ថេត ស្នងការ រាជធានីភ្នំពេញ បានប្រកាសក្ដែង ៗតាមបណ្ដាញសង្គមទំនាក់ទំនង ហ្វេសប៊ុក ថា ខ្ញុំបាទ ស ថេត ជាអគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌឲ្យបង្រ្កាបឲ្យអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតឲ្យបើកវិញ? ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងសហការជាមួយខ្ញុំ ដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner