រថយន្ត COROLA បុកក្បាលនាគពុះចែកផ្លូវមុខក្រសួងវប្បធម៌ បាក់អស់មួយកង់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត COROLA បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់មួយកង់ រីឯរថយន្តផ្ទុះកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច កាលពីម៉ោង០៩និង២៥នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក COROLA ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2R-4089 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ចំណែករថយន្តបង្កវិញបានបែកកង់មុខផ្នែកខាងឆ្វេងកៀបជាប់នឹងទ្រូងផ្លូវទៅមុខលេងរួច តែមិនបង្កឲ្យអ្នកណាម្នាក់រងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕ម.ន