សម្តេចតេជោ នឹងអញ្ជើញសម្ពោធសារមន្ទីរបង្ហាញពីសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន

 

 

 

ភ្នំពេញ៖ នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​នូវសារមន្ទីរ​សេដ្ឋ​កិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់​ខ្មែរ​តាំង​ពី​សម័យ​កាលហ្វូណន។ ពិធីនេះ​ក៏មានការ​អញ្ជើញ​ចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តា​ក្រសួងស្ថាប័ន​នានា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

 

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពលរដ្ឋខ្មែរ​បានស្គាល់ពីសាវតា​នៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិតនៅចំកណ្តាល​បេះដូង​រាជធានី​ភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុមហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរ បានបង្ហាញពីចរនាបថសម័យ​អាណាព្យាបាល​នាដើម​សតវត្សរ៍ទី២០។

 

អគារសារមន្ទីរជាអគារស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយ​រថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជា​អតីតមន្ទីរ​ពេទ្​យយោធ។ល។ ជា​ពិសេស គឺវត្តភ្នំ។ សារមន្ទីរនេះ ស្ថិតនៅជិតកំពង់ផែស្វយ័ត ដែលជាចំណតទូកវែង និងនាវា ចម្បាំងតូចៗ ដែលធ្វើ​ដំណើរពីសៃហ្គន ប្រទេសវៀតណាម មកតាម​ទន្លេ​មេគង្គ និងមានព្រំប្រទល់ជាប់ផ្លូវលេខ១០៦ ពីដើម​មាន​ឈ្មោះថា ផែ «Verneville» នៅតាមបណ្តោយផ្លូវទឹកដែលតភ្ជាប់ពីបឹងកក់ ទៅទន្លេសាប ដែល​ជាគម្រោង​ប្រព័ន្ធប្រឡាយ​ទឹកធំមួយ​ដែល​បារាំង​បានធ្វើឡើង។ តំបន់នេះត្រូវបានអភិវឌ្ឍខ្លួនទៅជាតំបន់ទំនើបមួយយ៉ាងឆាប់រហ័ស។ សារមន្ទីរនេះមិនត្រឹម​តែមានទីតាំងនៅជិត​ផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងព័ទ្ធជុំវិញ​ដោយអគាររបស់​ធនាគារ​ជាតិនៃកម្ពុជា គឺមណ្ឌលសិក្សា​បច្ចេក​ទេស ធនាគារ ដែលជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា។

មុននឹងបានជួសជុលកែប្រែទៅជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» អគារសារ​មន្ទីរ​នេះស្ថិត​ក្នុងសភាពទ្រុឌទ្រោម។ ទ្រង់ទ្រាយនៃសារមន្ទីរនេះ ត្រូវបានរក្សាទុកឱ្យមានសភាពដើមតាមដែលអាចធ្វើទៅបាន ចំណែកផ្ទៃខាងក្នុងត្រូវបានរៀបចំ ដើម្បីដាក់តាំងបង្ហាញអំពីកំណប់រូបិយវត្ថុ និងវត្ថុបុរាណតាំងពីសម័យហ្វូណន។ 

 

ឯកឧត្តមជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់អគារសារមន្ទីរ ដែលត្រូវ​បានប្រសិទ្ធជាគម្រោង «ដ៏មានមហិច្ឆតា» នេះ ត្រូវបានចាប់ផ្តើម​ឡើងនៅ​ឆ្នាំ​២០១២​ ​បន្ទាប់ពីទទួល​បាន​អនុ​សាសន៍​ពី​សម្តេចតេជោ ហ៊ុន សែន។ លោកអគ្គទេសាភិបាល បានអះអាងថា សារមន្ទីរស្តីអំពីប្រវត្តិសាស្ត្រ សេដ្ឋ​កិច្ច និងរូបិយវត្ថុរបស់កម្ពុជានេះ ត្រូវបានរចនា​ឡើងដោយ​យោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវ​បាន​​ប្រើប្រាស់នាពេលកន្លងមក។

 

ឯកឧត្តមជា ចាន់តូ បានបន្ថែមថា ការសាងសង់ និងរចនានូវអគារសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមស្រាវជ្រាវពីចំណុចសូន្យ។ បើតាមឯកឧត្តមជា ចាន់តូ ដោយសារតែ​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជាមានការប្រែប្រួលច្រើន និងមានភាពស្មុគស្មាញ ព្រមទាំងមិនសូវ​មានការចង​ក្រង​ឯកសារ​ផង​នោះ​ បានបង្កជាការលំបាកក្នុងការចងក្រងប្រមូលផ្តុំ និងសាងសង់នូវសារមន្ទីរមួយនេះផងដែរ។

អគ្គទេសាភិបាល បានអះអាងថា ដើម្បីសាងសង់សារមន្ទីរនេះឡើង គឺត្រូវធ្វើការងារ​ពាក់ព័ន្ធ​នឹង​ចំណុច​សំខាន់ៗចំនួន៣រួមមាន៖ ទីមួយ ការស្តារឡើងវិញ​នូវរឿង​ពិតដ៏សំខាន់​មួយដែលជា​ញឹកញាប់មិនមាន​ការយក​ចិត្តទុកដាក់ គឺរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា, ទីពីរ គឺការប្រមូលផ្តុំឯកសារ រូបភាព និងកាស ដើម្បីទុកជាភស្តុតាង និងទីបី គឺការផ្តល់ជូននូវទីកន្លែងនៃចំណេះដឹងទំនើបថ្មីមួយ និងប្រកប​ដោយអន្តរកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់សិស្ស និងនិស្សិត។

 

សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» មានពិព័រណ៍ចំនួន ១២ម៉ូឌុល ដែលពិពណ៌​នា​អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណន​រហូតដល់​បច្ចុប្បន្ន​។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោយភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់ភាពសប្បាយរីករាយ និងចំណេះដឹងដល់សាធារណជន។

 

សារមន្ទីរនេះ ក៏មានបណ្ណាល័យ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ និងសួនច្បារដ៏ស្រស់ស្អាត។ បន្ទាប់ពីបើក​សម្ពោធ​ហើយ​សាធារណជននឹងអនុញ្ញាតឱ្យចូលទស្សនានៅក្នុងសារមន្ទីរដែលបង្ហាញពីប្រវត្តិនៃការធ្វើសេដ្ឋកិច្ច និង​រូបិយវត្ថុ​របស់កម្ពុជាតាំងពីសម័យហ្វូណនមួយនេះ។

 

ភាពសម្បូរបែបនៃការពិពណ៌នាតាមរយៈការតាំងពិព័រណ៍ វីដេអូ និងគំនូរជីវលនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ័្មន» ដែលរួមមានវីដេអូចំនួន៥០ ល្បែងកម្សាន្ត និងអេក្រង់ប៉ះ (Touch Screens) ទូតាំងពិព័រណ៍ ផ្ទាំងអក្សរ ក៏ដូចជាការរៀបចំសាច់រឿងតាមបែបសម័យទំនើប ដែលរចនា និងផលិតដោយក្រុមហ៊ុននៅកម្ពុជា នឹងផ្តល់ភាពពេញចិត្តដល់សាធារណជនកម្ពុជា និងបរទេសផងដែរ៕

 


ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner