មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីហ្វូងដំរីព្រៃបង្កគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋនៅស្រុកជាំក្សាន្ត
ភ្នំពេញ៖ករណីហ្វូងដំរីព្រៃចូលរុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត បានបណ្តាលឱ្យកុមារាម្នាក់អាយុ ១១ ឆ្នាំ បាត់បង់ជីវិត និងស្ត្រីជាម្តាយរងរបួសធ្ងន់។ ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍ដ៏សោកសង្រេងនេះ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរខេត្ត ព្រះវិហារ បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយចុះតាមដានសកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងការពារសត្វព្រៃកម្រទាំងនោះ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្ដាញព័ត៌មានAMSនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះថា កម្លាំងជំនាញចម្រុះបានចុះល្បាតតាមដានដានជើង និងទិសដៅចល័តរបស់ហ្វូងដំរី ដើម្បីទប់ស្កាត់កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋផ្អាកការចូលព្រៃជ្រៅ ឬបោះជំរំរោងស្នាក់នៅ និងបានបង្រៀនពីវិធីសាស្ត្រដេញដំរីដោយប្រើសំឡេង ឬពន្លឺ ដោយជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ដែលបង្កគ្រោះថ្នាក់ដល់សត្វដំរី។
តាមការបញ្ជាក់ពីមន្ទីរបរិស្ថានហ្វូងដំរីព្រៃចន្លោះពី ១០ ទៅ ២០ ក្បាល តែងតែចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃតាមបណ្តោយជួរភ្នំដងរ៉ែក។
យោងតាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នៃការវាយប្រហារពីសំណាក់ហ្វូងដំរីព្រៃនេះ បានកើតឡើងនៅចំណុចកញ្ចាំង ក្នុងឃុំយាង ស្រុកជាំក្សាន្តកាលពីរាត្រីថ្ងៃទី១៣ ខែតុលា។ មុនពេលកើតហេតុ ជនរងគ្រោះ និងប្រជាពលរដ្ឋ៥នាក់ ផ្សេងទៀតបាននាំគ្នាទៅបោះតង់កៅស៊ូ និងដាក់ប៉ូងរកត្រីនៅតំបន់ដាច់ស្រយាលខាងលើ។ លុះដល់វេលាម៉ោងប្រមាណជាង៨យប់ ខណៈដែលអ្នកភូមិកំពុងលង់លក់ក្នុងដំណេកយ៉ាងស្ងប់ស្កល់ស្រាប់តែសំឡេងសម្រឹបជើង និងកម្លាំងបោកបោះខ្លាំងៗដោយហ្វូងដំរីព្រៃ បានកម្ទេចរោងកៅស៊ូ ។
លោក មុត មូល អាយុ ៤០ឆ្នាំ បាននិយាយថា ពេលកំពុងដេកលក់ ស្រាប់តែឮសូរប្រាវ! ហើយឮសំឡេងដំរី ៥-៦ក្បាល មកវាយបោកដំបូលតង់យ៉ាងខ្លាំង។ មិនយូរប៉ុន្មាន ក៏ឮសំឡេង ស្រ្តីឈ្មោះ ជិត ស្រែកឱ្យជួយ ។ពេលលោកស្ទុះក្រោកឡើង ក៏ឃើញអ្នកស្រី ជិត និងកូនរងរបួសធ្ងន់ធ្ងរទៅហើយ។
ជាការសោកស្តាយក្នុងហេតុការណ៍នេះកុមារា មុំ សុខហេង អាយុ ១១ឆ្នាំ ជាសិស្សបានបាត់បង់ជីវិតតាមផ្លូវក្នុងពេលដឹកមកកាន់មន្ទីរពេទ្យ ។ចំណែកឯម្តាយបង្កើត គឺស្ត្រីឈ្មោះ ធិន ជិត អាយុ ៤៩ឆ្នាំ បានរងរបួសធ្ងន់ធ្ងរបច្ចុប្បន្នកំពុងស្ថិតក្រោមការសង្គ្រោះ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
ដោយឡែកកាលពីថ្ងៃទី១៤ ខែតុលា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកអំណោយ និងថវិកាមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូន និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសាររងគ្រោះផងដែរ។
គ្រោះមហន្តរាយដ៏សោកសង្រេងនេះ គឺជាសារដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែចេញចូលអាស្រ័យផលក្នុងព្រៃ ឬប្រកបរបរនេសាទនៅតំបន់ដាច់ស្រយាល។ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងការបោះជំរំស្នាក់នៅក្នុងព្រៃជ្រៅ ឬតំបន់ដែនជម្រកសត្វព្រៃ។ ប្រសិនបើប្រទះឃើញវត្តមានសត្វព្រៃ សូមកុំចូលជិត និងត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ឬមន្ត្រីជំនាញ ដើម្បីការពារអាយុជីវិត និងចៀសផុតពីគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ ៕
ដោយ៖ឡុង សំបូរ ,ជិន ម៉ាដេប៉ូ


















