អ៊ីស្រាអែល សុំចូលរួមប្រយុទ្ធជាមួយ ក្រុមហ៊ូធី តែត្រូវបាន អារ៉ាប៊ីសាអូឌីត បដិសេធ
ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានស្នើសុំអារ៉ាប៊ីសាអូឌីត ចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន ប៉ុន្តែត្រូវបានព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារាជទាយាទនៃប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះឆ្លើយបដិសេធ។
បើតាម Anadolu, សំណើរនេះកើតឡើង ចំពេលដែលអារ៉ាប៊ីសាអូឌីតកំពុងប្រឈមមុខនឹងការវាយប្រហារកាន់តែខ្លាំងពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ក្នុងនោះព្រលានយន្តហោះអន្តរជាតិ King Khalid ក្នុងទីក្រុងរីយ៉ាដ ក៏បានរងការវាយប្រហារផងដែរ ។
ជាក់ស្តែង ការវាយប្រហារមួយកាលពីថ្ងៃទី១០ ខែតុលា បានសម្លាប់មនុស្សចំនួន ១៣ នាក់ និងរងរបួសជាង ៣០០ នាក់ ។ ចំណែកការវាយប្រហារមួយទៀតនៅថ្ងៃបន្ទាប់ បានសម្លាប់ជនជាតិប៉ាគីស្ថានម្នាក់ និងធ្វើឱ្យមនុស្ស ១១ នាក់ទៀតរងរបួស ។
ការវាយប្រហាររបស់ទាំងនេះ បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខផ្នែកអាកាសចរណ៍ និងសមត្ថភាពរបស់អារ៉ាប៊ីសាអូឌីត ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានប្រើប្រាស់អ្នកសម្របសម្រួលអាមេរិក ដើម្បីបញ្ជូនសំណើសុំចូលរួមប្រយុទ្ធដោយផ្ទាល់ជាមួយក្រុមឧទ្ទាមហ៊ូធី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ។
ប្រភពទម្លាយថា សំណើរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ មានគោលបំណងចំនួន ២ យ៉ាង មួយគឺពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី ហើយមួយទៀតគឺជំរុញលទ្ធភាពបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ។
យ៉ាងណា ព្រះអង្គម្ចាស់ Mohammed bin Salman បានជំទាស់នឹងការសុំចូលរួមប្រយុទ្ធដោយផ្ទាល់របស់អ៊ីស្រាអែល គឺដោយសារទ្រង់ព្រួយបារម្ភពីការបញ្ចេញប្រតិកម្មអវិជ្ជមាន និងការខឹងសម្បារក្នុងចំណោមប្រជាជនអារ៉ាប៊ីសាអូឌីត នេះបើតាមប្រភពការទូត និងកាសែត Haaretz របស់អ៊ីស្រាអែល ។
សព្វថ្ងៃ អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល មិនទាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានៅឡើយទេ ហើយទីក្រុងរីយ៉ាដតែងតែបញ្ជាក់ច្រើនលើកច្រើនសារថា ការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយទីក្រុងហ៊្សេរុយសាឡឹមឡើងវិញ ត្រូវតែផ្សារភ្ជាប់នឹងការដោះស្រាយបញ្ហាប៉ាឡេស្ទីន រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីន ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា