អាមេរិក ដាក់មហិច្ឆតាពង្រាយអាវុធឡាស៊ែរថាមពលខ្ពស់ប្រឆាំងដ្រូនដំបូងបង្អស់ត្រឹមឆ្នាំ ២០២៨
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានដាក់មហិច្ឆតាកំណត់យកដើមឆ្នាំ ២០២៨ បញ្ចប់ការសាកល្បង ក៏ដូចជាដាក់ពង្រាយអាវុធឡាស៊ែរថាមពលខ្ពស់ដំបូងបង្អស់ ដែលមានឈ្មោះថា LOCUST X3 ប្រើសម្រាប់ប្រឆាំងយន្តហោះដ្រូន ទៅក្នុងជួរកងទ័ពជើងគោករបស់ខ្លួន ។
ការដាក់មហិច្ឆតានេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់កិច្ចសន្យាតម្លៃជិត ៤៦៥ លានដុល្លារដល់ក្រុមហ៊ុនបច្ចេកវិទ្យា AeroVironment កាលពីខែកញ្ញា ដើម្បីផលិតប្រព័ន្ធអាវុធឡាស៊ែរថាមពលខ្ពស់ LOCUST X3 មួយនេះ ។
អាវុធឡាស៊ែរ LOCUST X3 បង្កើតឡើងក្រោមកម្មវិធី E-HEL ដែលមានគោលបំណងផ្លាស់ប្តូរបច្ចេកវិទ្យាឡាស៊ែរពីដំណាក់កាលគំរូ និងការសាកល្បង ទៅជាអាវុធដែលអាចប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធជាក់ស្តែង ។
បើតាម Defense News, ប្រព័ន្ធអាវុធឡាស៊ែរមានកម្លាំង ៣០ គីឡូវ៉ាត់ ។ វាត្រូវបានរចនាឡើងដើម្បីអាចដំឡើងយ៉ាងងាយស្រួលនៅលើរថយន្តយោធាជាច្រើនប្រភេទផ្សេងៗគ្នា ។ វាប្រើប្រាស់ថាមពលអគ្គិសនី ដែលស្រូបចេញពីម៉ាស៊ីនរថយន្ត ដើម្បីបង្កើតកាំរស្មីឡាស៊ែរបាញ់កម្ទេចយន្តហោះដ្រូនសត្រូវ ។
ជាមួយគ្នានេះ LOCUST X3 បំពាក់ឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកកម្រិតខ្ពស់ និងកម្មវិធីតាមដានដំណើរការដោយបច្ចេកវិទ្យា AI ដើម្បីស្វែងរក ក៏ដូចជាចាប់យកគោលដៅ និងបាញ់កម្ទេចដ្រូនសត្រូវក្នុងពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។
បន្ថែមពីលើនេះ LOCUST X3 ចំណាយលុយត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ នៅពេលបាញ់ចេញមួយគ្រាប់ៗ ពោលគឺទាបជាងការប្រើមីស៊ីលស្ទាក់ចាប់ដ្រូន ដែលមានតម្លៃថ្លៃរហូតដល់រាប់ម៉ឺនដុល្លារ ឬរាប់លានដុល្លារក្នុងមួយគ្រាប់ៗ ។
លោក John Garrity អនុប្រធានផ្នែកប្រព័ន្ធថាមពលរបស់ក្រុមហ៊ុន AeroVironment និយាយថា កម្មវិធី E-HEL ផ្តោតសំខាន់លើការពន្លឿនការផលិតប្រព័ន្ធអាវុធឡាស៊ែរជាង ២៦ គ្រឿង ។
លោកថា ក្រុមហ៊ុនកំពុងបង្កើនការផលិត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង ខណៈដែលយន្តហោះដ្រូនជំនាន់ថ្មី កំពុងក្លាយជាការគំរាមកំហែងកាន់តែខ្លាំងក្នុងសង្គ្រាមសម័យទំនើប ។
យោងតាមផែនការ, អាវុធឡាស៊ែរ LOCUST X3 ដំបូង នឹងត្រូវប្រគល់ដល់ដៃកងទ័ពជើងគោកអាមេរិកនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២៧ ហើយក្រោយមក នឹងយកទៅបំពាក់លើរថយន្តយោធា ដើម្បីការពារខ្លួនពីការវាយប្រហារដោយហ្វូនដ្រូនពិឃាតចាប់ពីដើមឆ្នាំ ២០២៨ តទៅ ៕
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា